កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំដល់វិធានការទប់ស្កាត់ និងបង្ការនូវជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩


តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំគណបក្សស្រុកត្រាំកក់ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំ របស់ ឯកឧត្តម កត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នៅទូទាំងខេត្តតាកែវ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានការងារថ្នាក់កណ្ដាលចុះមូលដ្ឋាន ស្រុក ឃុំ យកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឲ្យមានប្រសិទ្ធភាពខ្ពស់។

ខ្លឹមសារនៃកិច្ចប្រជុំគឺធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងបង្ការនូវមេរោគរលាកផ្លូវដង្ហើមប្រភេទ កូវីដ១៩នេះ ដល់ពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបត្រលប់មកពីក្រៅប្រទេសវិញ ត្រូវដាច់ខ្លួនដាច់ដោយឡែករយះពេល ១៤ថ្ងៃសិន ចាំចូលស្និតស្នាល ឬប្រាស្រ័យទាក់ទង ជាមួយក្រុមគ្រួសារ ឬសាច់ញាតិ ដើម្បីទប់ស្កាត់ការចម្លងនូវមេរោគកូវីដ១៩នេះ នៅសហគមន៍។

កិច្ចប្រជុំក៏បានធ្វើការជម្រុញ ដល់ក្រុមការងារទាំងអស់ ត្រូវចុះធ្វើការអប់រំដល់ពលរដ្ឋនៅមូលដ្ឋាន ត្រូវបង្កើនអនាម័យផ្ទាល់ខ្លួន ដោយលាងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន ហើយត្រូវពាក់ម៉ាស់ ឬកន្សែង គ្រប់ពេលវេលា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនូវមេរោគប្រភេទថ្មី កូវីដ ១៩នេះ ដែលកំពុងរាតត្បាតជាសកល ៕

+