លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។
នាឱកាសនោះផងដែរលោកជំទាវក៏បានកោតសរសើរចំពោះក្រុមការងារថ្នាក់ក្រោមជាតិ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធដែលបានដោះស្រាយនូវរាល់បញ្ហា និងសំណូមពររបស់ប្រជាពើលរដ្ឋ ដែលសកម្មភាពទាំងអស់ នេះបានធ្វើឲ្យពួកគាត់កាន់តែយល់ច្បាស់ពីគោលនយោបាយ និងកាន់តែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល។
លោកជំទាវក៏បានលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺរាល់បញ្ហាដែលកើតឡើងក្នុងមូលដ្ឋានខេត្ត ក្រុង ស្រុក ឬខណ្ឌណា គឺអាជ្ញាធរមូលដ្ឋាននោះធ្វើការដោះស្រាយជាបន្ទាន់ ក្នុងករណីដែលដោះស្រាយពុំបានទើបរាយការណ៍ទៅថ្នាក់លើដើម្បីដោះស្រាយបន្ត ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានផ្តល់អានុសាសន៍ដូចតទៅ៖
១. ត្រូវបន្តជម្រុញឲ្យជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្ម របស់មន្ត្រី ដឹកនាំទាំងស្ថាប័ន បក្ស និងស្ថាប័នរដ្ឋ ដោយបន្តការអនុវត្តតាមទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល” ។
២. បន្តតាមដានស្តាប់អនុសាសន៍សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋានដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។
៣. បន្តផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី។
៤. ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវីទ្យាព័ត៌មាន IT ជាពិសេសត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គម ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់ទំនាក់ទំនងតាម Facebook, Email, Line, WhatsApp និង Telegram ជាដើម ដែលសុទ្ធសឹងជាមធ្យោបាយទំនាក់ទំនង កំពុងពេញនិយម និងឆាប់រហ័ស។
លោកជំទាវក៏បាន សំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងពាក់ព័ន្ធ សុំពិនិត្យមើល និង លុបបំបាត់ឱ្យបាននូវការដាក់កុងត្រូលជជុះ។ ចំណែកឯអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងពាក់ព័ន្ធបន្តអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀតនូលគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដែលបានកំណត់លក្ខណៈសម្បតិ្ត៩យ៉ាង រួមទាំងវិធានការ៩ចំណុចផងដែរ។
លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍៤ចំនុច សម្រាប់ទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង
