អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧របស់ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី


រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ឆ្លៀតឱកាសពិធីបិទសន្និបាតនេះឯកឧត្តម ក៏បានការណែនាំ និង ផ្តាំផ្ញើ ដល់មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និង អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវខិតខំចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ ដើម្បីកាត់បន្ថយទំនាស់នៃការកាន់កាប់ដីធ្លី និង ការធ្វើចរន្តទិន្នន័យសុរិយោដី ជៀស វាងការផ្ទេរដីក្រៅផ្លូវការ មិនស្របតាមគោលការណ៍ច្បាប់ ដើម្បីគ្រប់គ្រងឲ្យបានសុក្រឹត្យនូវទិន្នន័យក្បាលដី នៅក្នុងសៀវភៅ គោលបញ្ជីដីធ្លី និងខិតខំប្រមូលចំណូលថវិការដ្ឋតាមរយៈពន្ធ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិដី។
ត្រូវពង្រឹកការអនុវត្តសារាចរណ៍០២ ស្តីពីការកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ និងសារាចរលេខ០៣ ស្តីពីការដោះស្រាយ សំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋ ដែលត្រូវបានទន្ទ្រាន កាន់កាប់ដោយខុសច្បាប់ និង លើកកម្ពស់ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រងដីរដ្ឋ លើរាល់ប្រធានបទដែលទាក់ទងនឹងការគ្រប់គ្រង និង ការប្រើប្រាស់ដីរដ្ឋ ឲ្យមានលក្ខណៈតម្លាភាព សមធម៌ និងប្រសិទ្ធិភាព សំដៅជម្រុញការចុះបញ្ជីដីរដ្ឋឲ្យបានច្បាស់លាស់ ។ ទប់ស្កាត់ រាល់សំណង់ ដែលសាងសង់គ្មានលិខិតអនុញ្ញាត ឬជាសំណង់ខុសច្បាប់ឲ្យបានទាន់ពេលវេលាសំណង់ខុសបទដ្ឋាន បច្ចេកទេស ការសាងសង់លើដីសាធារណៈរបស់រដ្ឋ និងត្រូវណែនាំដល់ម្ចាស់សំណង់ ដាក់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ ។ ត្រូវចុះពិនិត្យគ្រប់ពេលវេលា នៅការដ្ឋានសំណង់ ដែលដំណើរការសាងសង់ និង ជួយណែនាំបច្ចេកទេសដល់ម្ចាស់សំណង់ ដើម្បីសង់ឲ្យបានត្រឹមត្រូវតាមលិខិតអនុញ្ញាត ព្រមទាំងពង្រឹង ជម្រុញលើការងារបម្រើសេវាសាធារណៈ ទាំងផ្នែកសាងសង់ និងផ្នែកដីធ្លីជូនប្រជាពលរដ្ឋ ។ មិនត្រូវទុកចោលនូវកិច្ចការដោះស្រាយ បញ្ហាវិវាទដីធ្លី ដែលកំពុងកើតឡើងនៅមូលដ្ឋាន រួមទាំងវិវាទ ដែលនៅសេសសល់នាពេលកន្លងមក ។ ជាពិសេសលេខាធិការដ្ឋានសុរិយោដីថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់ និងជម្រុញ ដល់គណៈកម្មការសុរិយោដីថ្នាក់ស្រុក ឲ្យអនុវត្តការងារដោះស្រាយបញ្ហាវិវាទដីធ្លីនេះបានបញ្ចប់ និង ស្របតាមគោលការណ៍ណែនាំនៃលេខាធិការដ្ឋាន ៕