សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈគ្រប់គ្រាន់ជូនពលករមកពីប្រទេសថៃ


សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈគ្រប់គ្រាន់ជូនពលករមកពីប្រទេសថៃដែលត្រូវដាក់អោយនៅដាច់ដោយឡែក ១៤ថ្ងៃ

នៅថ្ងៃទី ៤មេសាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាណែនាំបន្ថែមក្នុងការដោះស្រាយ ជូនបងប្អូនកូនក្មួយពលករដែលបានវិលត្រឡប់មកពប្រទេសថៃកន្លងមកចំនួនប្រមាណ ៥ម៉ឺននាក់ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់។

ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ សម្តេចតេជោ បានណែនាំទៅក្រសួងសុខាភិបាល “ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែនអោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពអោយបានល្អដល់ពលករ។

ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហ ការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់។ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល,ខ្នើយ,ក្រមាសម្រាប់ប្រគល់ ជូនបងប្អូនកូនក្មួយពលករដែលត្រូវដាក់អោយស្នក់នៅដាច់ដោយ ឡែកបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជានៅតាមសាលារៀនតាម សហគម ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម” ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់ផងដែរថា “ ពេលណាបងប្អូនចាកចេញពីទីនោះ គឺសូមប្រគល់សំម្ភារៈទាំងនោះជូនទៅគាត់យកទៅប្រើប្រាស់តែម្តង។

ចំពោះមធ្យោបាយសម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់រថយន្តកងទ័ពមកពីកងពលលេខ៩០ និងកង ពលលេខ៩៩ ដែលត្រូវរៀបចំដាក់ដំបូលអោយបានស្រួល។

មកទល់ពេលនេះ បងប្អូនកូនក្មួយពលករទាំងអស់ដែលបានវិល ត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករហានិភ័យណាមួយនៅតាម សហគមនៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ, ថ្នាក់ឃុំ, ស្រុក និងថ្នាក់ជាតិដែលបានចុះជួយនៅតាមមូលដ្ឋាន​ ក្នុងនោះរួមទាំងការអប់រំឃោសនាផ្សព្វផ្សាយ​ណែ នាំទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ដែលធ្វើអោយយើងគ្រប់គ្រងស្ថានការណ៍បានល្អមកទល់ពេលនេះ៕