លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវេរប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃ ១៣វត្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកជំទាវឧកញ៉ា ឯកឧត្តម លោកជំទាវព្រមទាំងក្រុមគ្រួសារ បានបានអញ្ជើញធ្វើបុណ្យ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុង ឃុំ វាំងចាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។

លោកជំទាវក៏បានអុជធូប ថ្វាយគ្រឿងសក្ការៈ និង បាននាំយកចង្ហាន់ និងទេយ្យវត្ថុទៅវេរប្រគេនដល់ព្រះសង្ឃ ដូនជី លោកយាយ លោកតា ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែរ។

នៅក្នុងឱកាសនោះផងដែរបានឧទ្ទិសសុំឲ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជាតិខ្មែរទាំងមូលជួបតែសេចក្តីសុខក្សេមក្សាន្តចម្រុងចម្រើនជានិច្ចនិរន្ត។
សូមរំលឹកផងដែរថា ៖ ក្រៅពីវត្តវាំងចាស់ លោកជំទាវក៏បានចាត់តំណាងនាំយកនូវទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន ១២បន្ថែមទៀត រួមមាន៖

១. វត្តបុទុមវត្តី

២.វត្តស្វាយពពែ

៣.វត្តឧណ្ណាលោម

៤.វត្តលង្ការកុសុមារាម

៥.វត្តមុនីសុវណ្ណ (វត្តចំពុះក្អែក)

៦.វត្តច័ន្ទបុរីវង្ស

៧.វត្តព្រែកប្រាំង

៨.វត្តជង្រុក

៩.វត្តសារាវ័ន្តតេជោ

១០.វត្តអង្គសិរីសួស្តី

១១.វត្តមុនីប្រសិទ្ធិវង្ស និងវត្តតាខ្មៅ។