រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើបណ្តាញសង្គមថ្ងៃទី០៦ ខែមេសានេះថា« អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានដាក់ខ្លួននិងក្រុមគ្រួសារអោយនៅដាច់ដោយឡែកចំនួន១៤ ថ្ងៃ ក្នុងពេលដែលរង់ចាំលទ្ធផលនៃការពិនិត្យសុខភាព ។
សម្តេចបានបន្តថា «ការដាក់ខ្លួនអោយនៅដាច់ដោយឡែកជាបណ្តោះអាសន្នមួយរយៈនេះ គឺដើម្បីសុខភាពផ្ទាល់ខ្លួនផង និងដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគពីគេមកយើងផង នឹងពីយើងទៅគេផង ។»
សូមបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យក្នុងករណីមានការសង្ស័យណាមួយ សូមខលលេខ ១១៥ ៕