ក្រុមហ៊ុនមរកតជេនេរ៉ល ផ្តល់សម្ភារចូលរួមប្រឆាំការីករាលដាលជំងឺកូវីដ១៩ ដល់ក្រសួងបរិស្ថាន


ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩(COVID-19) ក្រុមហ៊ុនមរកតជេនេរ៉ល អ៊ីមផត អិចផង ឯ.ក (MORAKOT GENERAL IMPORT EXPORT CO., LTD) បានផ្តល់ជូនអាល់កុល និងទឹកលាងដៃជូនក្រសួងបរិស្ថាន។ ពិធីប្រគល់និងទទួលបានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្ដម ជ្រិន សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងលោក XIANG XIAQJIE ប្រធានក្រុមហ៊ុន មរកត ជេនេរ៉ល អ៊ីមផត អិចផង ឯ.ក ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយតំណាងក្រុមហ៊ុនមួយចំនួនទៀត។

សូមបញ្ជាក់ថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា(កូវីដ១៩) នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានប្រគល់ជូនក្រសួងបរិស្ថាន ជាសម្ភារអាល់កុល និងទឹកលាងដៃ នៅពេលនេះ សរុបមានចំនួន ៣៥កេស រួមមាន៖ ១)ជេលលាងដៃស្ងួតចំណុះ៥០០មីលីលីត្រ ចំនួន១០កេស ស្មើនឹង៣០០ដប ២)ជេលលាងដៃស្ងួតចំណុះ៣០០មីលីលីត្រ ចំនួន១០កេស ស្មើនឹង៤០០ដប ៣)ជេលលាងដៃស្ងួតចំណុះ១០០មីលីលីត្រ ចំនួន១០កេស ស្មើនឹង៥០០ដប និង៤)ស្រ្ពេបាញ់ចំណុះ១០០មីលីលីត្រ ចំនួន៥កេស ស្មើនឹង៥០០ដប៕