រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការឯកភាពពីរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួង។

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូនេះ ធ្វេីឡេីងស្របតាមគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីវិធានការ ឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះ ជាជំហានមួយយ៉ាងសំខាន់ សម្រាប់សកម្មភាពរួមគ្នារបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខុមាលភាពពិភពលោក ដែលកំពុងគំរាមកំហែងដោយកូវីដ-១៩ និងដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ានផងដែរ។