សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមានការសង្ស័យ ពិសេសពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃក្រោមការតាមដានពិនិត្យសុខភាពរកជំងឺកូវីដ១៩ពីក្រុមគ្រូពេទ្យ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង


នៅរសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រមការងារថ្នាក់ជាតិចុះជួយជួយខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមានការសង្ស័យ ពិសេសពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃក្រោមការតាមដានពិនិត្យសុខភាពរកជំងឺកូវីដ១៩ពីក្រុមគ្រូពេទ្យ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ក្នុងការពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋានដែលបានរួមសហការគ្នាចុះអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការង្ស័យ ឬទើបវិលមកពីក្រៅប្រទេសនោះ បានអញ្ជើញមកពិនិត្យសុខភាព និងចូលរួមអនុវត្តវិធានការណែនាំដោយក្រសួងសុខាភិបាល។

សម្ដេចក្រឡាហោម បានបង្ហាញទឹកចិត្តរំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពផង និងបានចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ជាយថាហេតុណាមួយដល់ក្រុមគ្រួសារ និងសាច់ញាតិផង។ សម្ដេចបានចាត់ទុកការការចូលរួមសហការគ្នានេះថាជាផ្នែកមួយដ៏មានសារៈសំខាន់នៃការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ការលើកទឹកជូនក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីតាមដានពិនិត្យសុខភាពនៅតាមសាលារៀនដែលបានរៀបចំដោយអាជ្ញាធរនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅដល់ ឃុំព្រៃស្នៀត ឃុំរកា និងឃុំព្រៃព្នៅនៃស្រុកពារាំង ឃុំអង្គទ្រេត ឃុំដំរីពួន នៃស្រុកស្វាយអន្ទរ និងឃុំព្រែកខ្សាយ ស្ថិតនៃស្រុកពាមរក៏ ខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍គូសបញ្ជាក់ទៀតថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារសេចក្ដីសុខ និសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងបរិបទដែលមនុស្សជាតិលើពិភពលោក កំពុងទទួលរងការគំរាមកំហែងខ្ពស់ដោយជំងឺកូវីដ១៩។

សម្ដេចក៏បានបន្ថែមទៀតថាការអនុវត្តវិធានការដាក់នៅដោយឡែកនេះ គឺមិនមែនសម្រាប់តែដើម្បីត្រៀមជួយសង្គ្រោះបងប្អូនដែលទើបវិលត្រឡប់ចូលប្រទេសវិញឲ្យបានទាន់ពេលវេលាប្រសិនបើមានជំងឺកូវីដ១៩នោះទេ ប៉ុន្តែការណ៍នេះក៏ជាវិធានការដ៏ចាំបាច់បំផុតដើម្បីជួយទប់ស្កាត់ការរាលដាលជំងឺនេះទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទូទៅដែរ ដែលពួកគាត់មិនបានចេញទៅក្រៅប្រទេសនោះ។

សូមបញ្ជាក់ថានៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចែកជូននូវម៉ាស់ ទឹកសម្លាប់មេរោគ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកា ដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចពិនិត្យតាមដានសុខភាពប្រជាពលរដ្ឋ និងជូនប្រជាពលរដ្ឋដែលកំពុងស្ថិតក្រោមការតាមដានសុខភាពពីក្រុមគ្រូពេទ្យ និងបានផ្ដាំផ្ញើឱ្យខិតខំបន្តបំពេញភារកិច្ច និងយកចិត្តទុកដាក់ថែទាំសុខភាពតាមគោលការណ៍សុខាភិបាល៕