ឯកឧត្តម ច័ន្ទ សុផល បានដឹកនាំសមាជិក សមាជិកានៃគណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន


ឯកឧត្តម ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកានៃគណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៤ នៃវិមានរដ្ឋសភា។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនតាមរយៈលិខិតលេខ២៩៧.លស.កបច ចុះថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ដើម្បីស្នើសុំរដ្ឋសភាពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់នេះ រួមមាន៥ជំពូក និង ១២មាត្រា ៖

-ជំពូកទី១ រួមមាន ២មាត្រា (ពីមាត្រា១ ដល់មាត្រា២) ចែងអំពីបទប្បញ្ញត្តិទូទៅ ដែលកំណត់អំពីគោលបំណង និងវិសាលភាព។
-ជំពូកទី២ រួមមាន ២មាត្រា (ពីមាត្រា៣ ដល់មាត្រា៤) ចែងអំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
-ជំពូកទី៣ រួមមាន ២មាត្រា (ពីមាត្រា៥ ដល់មាត្រា៦) កំណត់អំពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងអំពីរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនទៅរដ្ឋសភា និងព្រឹទ្ធសភា។
-ជំពូកទី៤ រួមមាន ៤មាត្រា (ពីមាត្រា៧ ដល់មាតា្រ១០) ចែងអំពីទោសប្បញ្ញត្តិដែលកំណត់អំពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បទមិនគោរព វិធានពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល និងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។
-ជំពូកទី៥ រួមមាន ២មាត្រា (ពីមាត្រា១១ ដល់មាត្រា១២) ចែងអំពីអវសានប្បញ្ញតិដែលកំណត់អំពីនិរាករណ៍ និងការប្រកាសជាការប្រញាប់។