សហជីពចំនួន៧ប្រកាសគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសុខភាពអាយុជីវិតបងប្អូនកម្មករ ក្រុមគ្រួសារ និងប្រជាជនកម្ពុជាទាំងអស់


(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ សហជីពចំនួន៧ នៅថ្ងៃនេះ បានប្រកាសគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាវិធានការមានបំណងការពារសុខភាពអាយុជីវិតបងប្អូនកម្មករ ក្រុមគ្រួសារ និងប្រជាជនកម្ពុជាទាំងអស់។

សហជីពការងារដែលចេញសេចក្តីថ្លែងការណ៍គាំទ្ររួមមាន៖ សហភាពសហជីពការងារយុវជនកម្ពុជា (CYLCU), សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU), សហភាពពលកម្មជាតិកម្ពុជា (NLC), សហព័ន្ធសហជីពដើម្បីសិទ្ធិការងារ (UFLR), សហព័ន្ធសហជីព វឌ្ឍភាពកម្ពុជា, សម្ព័នសហជីពចលនាកម្មករ, និង សហភាពសហជីពសុភមង្គលកម្មករកម្ពុជា។

សហជីពទាំងនេះ បានលើកឡើងថា នេះគឺជាវិធានការណ៍សមស្របមួយក្នុងការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩។ ការលើកពេលឈប់សម្រាកនេះ គឺជាជម្រើសមួយដ៏មានប្រសិទ្ធភាពបំផុត ព្រោះថា ខណៈពេលនេះការបន្តស្ថិតនៅតាម សហគ្រាស គ្រឹះស្ថាន គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត ដោយជៀសវាងការទៅប្រមូលផ្តុំគ្នា នាំបង្កើតឱកាសឲ្យកូវីដ យាយីសុខភាពបងប្អូនកម្មករ។

សហជីពទាំង៧នេះបានលើកឡើងថា ការចូលរួមរបស់បងប្អូនកម្មករនិយោជិតក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល នឹងមិនត្រឹមតែអាចការពារសុខភាព សុវត្ថិភាពផ្ទាល់ខ្លួនទេ ប៉ុន្តែអាចការពារសុខភាព និងសុវត្ថិភាពគ្រួសារឪពុកម្តាយផងដែរ។ សហជីពទាំងអស់ក៏បានសូមឲ្យបងប្អូនថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំងអស់ រក្សាភាពស្ងៀមស្ងាត់ បន្តការងារជាធម្មតា ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវអនាម័យសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជាការទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩។ សូមបងប្អូនកម្មករ កុំចាញ់កលជនញុះញុងឲ្យបងប្អូន បោះបង់ការងារ ហើយងាកទៅចំណាយពេលជួបជុំ ដែលអាចបង្ករហានិភ័យដល់សុខភាព៕