ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការផលិត និងផ្សព្វផ្សាយកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលដៅលើកកម្ពស់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា និង ក្នុងស្មារតីធានាសេវាអប់រំ ប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទ អាចទទួលបានការអប់រំ ប្រកបដោយគុណភាព ដូចសិស្សានុសិស្សនៅទីក្រុង។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំ សហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំជាប៉ុស្តិ៍ទូរទស្សន៍អប់រំមួយ ផ្សព្វផ្សាយនូវការបង្រៀនអនឡាញ នៅលើទូរទស្សន៍ ដូច្នេះសិស្សមានលទ្ធភាព រៀនបានទូទាំងប្រទេស។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំដល់អ្នកអាណាព្យាបាលសិស្សទាំងអស់ រៀបចំឲ្យកូនៗ មានកន្លែងរៀនសូត្រឲ្យបានត្រឹមត្រូវ និងសៀវភៅគោលសិក្សាជាដើម ដើម្បីបង្កលក្ខណៈអំណោយផលសម្រាប់ការសិក្សាតាមអនឡាញ។ នាពេលខាងមុខ ក្រសួងនឹងរៀបចំ ឲ្យមានប្រព័ន្ធសួរ-ឆ្លើយបន្ថែមទៀត ដើម្បីឲ្យកាន់តែមាន ភាពងាយស្រួល ទៅដល់សិស្សដែលមានចម្ងល់ នៅពេលរៀនតាមអនឡាញ៕

០៨ មេសា ២០២០ | ទីស្ដីការក្រសួងអប់រំ