ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ចាត់តំណាងនាំយកអំណោយជាស្បៀងអាហារប្រគល់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសន្ទុក ដើម្បីជួយឧបត្ថម្ភទៅដល់ប្រជាពលរដ្ឋក្រីក្រក្នុងគ្រាដែលជម្ងឺកូវីដ-១៩ កំពុងរីករាលដាល


(កំពង់ធំ)៖ ឯកឧត្តម ហៀ ហ៊ីន ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជានាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានចាត់តាំងលោក ហឿន លូកា ជាតំណាង នាំយកអំណោយជាស្បៀងអាហារប្រគល់ជូនដល់លោក សន វឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសន្ទុក និងជាស្មេនឃុំកកោះ នាល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ដើម្បីជួយឧបត្ថម្ភទៅដល់ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកខ្វះខាត រស់នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងគ្រាដែលជម្ងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើពិភពលោក និងប្រទេសកម្ពុជា។

អំណោយដែលឧបត្ថម្ភនាពេលនោះ រួមមាន៖ អង្ករចំនួន ១តោន (ស្មើរនឹង១០០បេ), មី៣០កេស និងស្រាបៀរ ចំនួន ៣០កេស។

ក្នុងឱកាសនោះលោក ហឿន លូកា តំណាងឲ្យឯកឧត្តម ហៀ ហ៊ីន បានមានប្រសាសន៍ថា ការផ្តល់អំណោយនេះដោយឯកឧត្តម ហៀ ហ៊ីន បានមើលឃើញពីការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋរបស់យើងមួយចំនួន មានជីវភាពក្រីក្រ ក្នុងសភាពការណ៍ដែលជម្ងឺកូវីដ-១៩ កំពុងរីករាលដាល ដូច្នេះហើយឯកឧត្តម ហៀ ហ៊ីន បានជួយឧបត្ថម្ភជាស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយការលំបាលនិងខ្វះខាតរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ជួយសម្រួលជាបណ្តោះអាសន្ន។ ហើយលោក ហឿន លូកា ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរដែនដីឃុំកកោះ បន្តជួយអប់រំនិងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ចេះអនាម័យ ការពារ និងថែរក្សាសុខភាពរបស់ខ្លួន ពីជម្ងឺកូវីដ-១៩ ហើយបើមានអ្នកចំណាកស្រុក ត្រូវដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ស្របតាមណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោក សន វឿន ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសន្ទុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឃុំកកោះ បានថ្លែងអំណរគុណចំពោះឯកឧត្តម ហៀ ហ៊ីន និងលោក ហឿន លូកា ដែលបានជួយឧបត្ថម្ភនូវស្បៀងអាហារមកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះនូវការលំបាកខ្វះខាតស្បៀងអាហារ នៅពេលនេះ។ លោកបានបញ្ជាក់ថា នឹងខិតខំនាំយកនូវអំណោយទាំងនេះ ទៅចែកជូនដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងលំបាកខ្វះខាត នៅក្នុងឃុំកកោះ និងឃុំនានាដទៃទៀត នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលរងគ្រោះក្នុងស្ថានភាព នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩៕