លោក ឌី រ័ត្នខេមរុណ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះចំនួន ៥គ្រួសារ ស្ថិតក្នុងភូមិចំរើនផល និងភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១


នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះចំនួន ៥គ្រួសារ ស្ថិតក្នុងភូមិចំរើនផល និងភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានៅក្បែរបងប្អូនជានិច្ច ។

លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេស វីរុសថ្មី កូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជា កម្មករ-កម្មការនី ទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬ មណ្ឌលសុខភាពដែលនៅជិតលោកអ្នក។

យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ បើនៅក្នុងមន្ទិលសង្ស័យបងប្អូនអាចទំនាក់ទៅលេខ ១១៥ ដោយឥតគិតថ្លៃ និង ត្រូវអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការទប់ស្កាត់ នៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន ៖
– អង្ករ ១បាវ ៣០គីឡូ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១យួរ, ស្ករស ២គីឡូក្រាម , ម៉ាស់ , ក្រម៉ា , សាប៊ូ រួមទាំងថវិកាចំនួន ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕