ប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរីដាក់ចេញ បទបញ្ជាថ្មីតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា


 

យោងតាមលិខិតលេខ៣៩សសរស្តីពីការកែសម្រួលបទបញ្ជាលេខ០២ប.ប ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ បទបញ្ជាភ្លាមៗឱ្យស្រុកចំនួន២ បន្តវិធានការ ដាក់កំហិតលើការធ្វើដំណើរឆ្លងខេត្តនោះគឺ÷

-ទី១ ស្រុកកូនមុំលើបណ្ដោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចស្ពានស្រែព ឃុំស្រែអង្រ្គង ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង នៅបន្តវិធានការ ដាក់កំហិតលើការធ្វើដំណើរចេញចូលឆ្លងខេត្ត។

-ទី២ ស្រុកលំផាត់លើបណ្ដោយផ្លូវជាតិលេខ ៧៦ត្រង់ចំណុចភូមិថ្មី ឃុំជ័យឧត្តមជាប់ព្រំប្រទល់ស្រុក កោះញែកខេត្តមណ្ឌលគិរី នៅបន្តវិធានការដាក់កំហិតលើការធ្វើដំណើរចេញចូលឆ្លងខេត្ត។

ពាក់ព័ន្ធនឹងការអនុវត្តនូវបទបញ្ជាក្នុងស្រុកទាំង២ ខាងលើ មានអ្នកដំណើរមួយចំនួនមានការ ប្រតិកម្មនឹងដាក់កំហិតការធ្វើដំណើរនេះ ប៉ុន្តែក្រោយមានការពន្យល់ ណែនាំពីកងកំលាំងទាក់ទងនឹងផលវិបាកនៃការប្រឈមការចម្លងមេរោគកូវីដ១៩ដល់សហគមន៍រួចមក ពួកគាត់ បានចូលរួមសហការជាមួយអាជ្ញាធរដោយក្តី
រីករាយ។

សូមបញ្ជាក់ផងដែរថាកងកំលាំងដែលប្រចាំការ នៅស្រុកចំនួន២ ដែលមានព្រំប្រទល់ជាប់ខេត្ត ស្ទឹងត្រែង និងមណ្ឌលគិរីគឺខាងលើ គឺមានការ បែងចែកវេនប្រចាំការគ្នា ហើយប្រធាន
គណៈបញ្ជាការឯកភាពស្រុកនីមួយៗ បានចុះផ្តល់ជូនដល់កងកំលាំងនូវសំភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ និងម៉ាស់មួយចំនួនសំរាប់ប្រើប្រាស់ក្នុងប្រតិបត្តិការនោះផងដែរ។

ដោយឡែកចំពោះក្រុង-ស្រុកចំនួន០៧ (ក្រុងបានលុង, អូរជុំ, បរកែវ, អូរយ៉ាដាវ, វ៉ើនសៃ, អណ្តូងមាស, តាវែង)ធ្វើការកែសម្រួលឡើងវិញតាមលិខិតលេខ៣៩សសរ ប៉ុន្តែត្រូវបន្តណែនាំអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ ស្រុកឲ្យដឹងពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលហាមមិនឲ្យធ្វើដំណើរឆ្លងខេត្ត លើកលែង តែការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ដោយកំណត់ចំនួន មនុស្សមិនឲ្យលើសពី ០៤នាក់សម្រាប់ករណីនីមួយៗ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវណែនាំឲ្យប្រជាពលរដ្ឋចូលរួមធើ្វតាមវិធានការ របស់ក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស់ ធ្វើការអនាម័យលាងដៃជាមួយសាប៊ូនិងទឹកស្អាតនិងប្រើទឹកអាល់កុលលាងដៃអោយបានញឹកញាប់ដើម្បីបង្ការ និងទប់ស្កាត់ការចំលងមេរោគកូវីដ១៩៕