សម្តេចតេជោ ហ៊ុន សែន ​សុំការយោគយល់ជាថ្មីចំពោះបទបញ្ជាក្នុងអំឡុងពេលនេះ​ គឺដើម្បីសេចក្តីសុខ ​និងសុវត្ថិភាពសុខភាពទាំងអស់គ្នា​


 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានសុំការយោគយល់ជាថ្មីពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះបទបញ្ជាផ្អាកមិនឲ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងអំឡុងពេលនេះ  គឺដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពទាំងអស់គ្នា។

ទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែមេសានេះ បានសរសេរបញ្ជាក់ថា៖ «សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយដែលយោគយល់ចំពោះការផ្អាកមិនអោយមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃនិងសហគមទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩»៕

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាថ្មីកែសម្រួលការដាក់កំហិតលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសម្រេចអោយប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលបានចំពោះរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយលុបចោលបំរាមការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ តែទុកបំរាមការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយ អោយនៅដដែល។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕