ភ្នំពេញ)៖ក្នុងសារលិខិតផ្ញើជូនជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញ នូវសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភាសំរេចបានក្នុងឆ្នាំ ២០១៩ កន្លងមកនេះ ។
នៅក្នុងសារលិខិតដែលមាន៧ ទំព័រប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរំលេចឲ្យឃើញជាលទ្ធផលកម្ពុជារក្សាបាននូវសុខសន្តិភាព ឯករាជ្យជាតិ និង អធិបតេយ្យ ភាពរបស់ខ្លួនព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយសម្រាប់ប្រជាជនកម្ពុជាដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និង កិច្ចអភិ វឌ្ឍប្រទេសជាតិ ។ ក្នុងឆ្នាំ២០១៩កន្លងទៅតាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១% ។ កំណើនដ៏រឹងមាំនេះត្រូវបានឆ្លុះ បញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាលសំណង់ កសិកម្ម និង សេវាកម្ម ដូចជាទេសចរណ៍និងអចលនទ្រព្យជាដើម ។កម្ពុជាកំពុងតែ ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្មនិងសេវាកម្ម។កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និង ធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចភាពប្រកួត ប្រជែងព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក ។
ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៤,៥៩៦ លានដុល្លារអាមេរិកចំណែកឯការនាំចេញមានប្រមាណជាង ១៤,៩១៥ លានដុល្លារអាមេរិក។អត្រា ប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និង អាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិបានកើនជារៀងរាល់ឆ្នាំអាស្រ័យដោយវិនិយោគផ្ទាល់ពី បរទេសមានកំណើនល្អនិងតុល្យភាពជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងដែរ។
កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរដែលបង្ហាញឱ្យឃើញតាមរយៈសូចនាករ សង្គម ជាពិសេសការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១,៥៤៨ ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១,៦៧៩ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ។ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមកក្រោម ១០% ក្នុងឆ្នាំ២០១៩ និង បន្តធ្លាក់ចុះថែមទៀតនៅឆ្នាំ២០២០នេះ។
កម្ពុជារក្សាបានសន្តិសុខការងារដោយអត្រាគ្មានការងារមានប្រមាណ០.៣% ប៉ុណ្ណោះហើយគម្លាតនៃប្រាក់ចំណូលរបស់ប្រជាជនក៏មានការធ្លាក់ចុះជាលំដាប់ ផងដែរ ។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានរៀបចំបង្កើនប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបាននូវប្រាក់បៀវត្សកាន់តែខ្ពស់ពីមួយ ឆ្នាំទៅមួយឆ្នាំដែលក្នុងឆ្នាំ២០១៩កន្លងទៅប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធបានកើនដល់កម្រិតជាង១,១លានរៀលហើយការ បើកបៀវត្សបានធ្វើទាន់ពេលវេលាគឺបើក ២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ។
សម្តេចតេជោបានគូសបញ្ជាក់ថាក្នុងឆ្នាំកន្លងទៅរាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យថែមទៀតក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជា ជន។រហូតមកដល់បច្ចុប្បន្នសមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធត្រូវបានរាជរដ្ឋាភិបាលសម្រេចបានក្នុងនោះមាន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំជនបទ ស្ពាន ឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។
ជាក់ស្តែងក្នុងឆ្នាំ ២០១៩ កន្លងទៅរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមានជាអាទិ៍ផ្លូវជាតិលេខ៧ មានប្រវែង ៩៣,៧០គ.ម., ផ្លូវជាតិលេខ១៣ មានប្រវែង ៦២,៤០ គ.ម. ,ផ្លូវជាតិលេខ៥៣និងផ្លូវខេត្តលេខ១៥១B មានប្រវែង៧០,៦០គ.ម.។ បើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុមាន ប្រវែង១៩០,០១គ.ម. ក្រោមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ(B.O.T.) ការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២ មានប្រវែង ៧២,១៧គ.ម.និងការបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០មានប្រវែង ១៩៨,៧២ គ.ម. ព្រមទាំងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៨មានប្រវែង១៧៤,១៦ គ.ម. និងផ្លូវជាតិលេខ៥៥ មានប្រវែង១៨២,១៦គ.ម.។
ចំពោះវិស័យថាមពលអគ្គិសនីវិញនៅឆ្នាំ២០១៩កន្លងទៅបរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនីនិងរោងចក្រអគ្គិសនីដុតធ្យូងថ្មដែលជាប្រភពថាមពលផ្ទាល់របស់ កម្ពុជាសម្រេចបានជាង ១០,៦២០ លានគីឡូវ៉ាត់ម៉ោងបើធៀបនឹងឆ្នាំមុនដែលមានជាង ៩,៦៦០ លានគីឡូវ៉ាត់ម៉ោង កើនឡើង ៩,៩៣%។
ការតភ្ជាប់ខ្សែបណ្ដាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីរហូតមកដល់ឆ្នាំ២០១៩នេះចំពោះគេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធបានកើន ដល់ប្រមាណ២,៦៨លានខ្នងផ្ទះត្រូវជាប្រមាណ៧៤,៧៨% នៃចំនួនផ្ទះសរុបប្រមាណ ៣,៥៧លានខ្នងនិងគ្របដណ្ដប់ដល់ភូមិប្រមាណ ៩២,៦៨% នៃចំនួន ភូមិសរុប ១៤,៣៩៤ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យបរិមាណផលិតផលស្រូវរដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង១០,៨៨ លានតោនគឺប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ដែលតាមការប៉ាន់ស្មានយើងមានអតិរេកស្រូវជាង ៥,៧៦ លានតោនគិតជាអង្ករស្មើនឹង ៣,៦៩លានតោនសម្រាប់ បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង ៦២ម៉ឺនតោនទៅកាន់ទិសដៅ ៥៩ប្រទេស។
វិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់កម្ពុជាមានរោងចក្រសរុបមានចំនួនជាង ១,៧០០រោងចក្រដែលភាគច្រើនជារោងចក្រកាត់ដេរ សម្លៀកបំពាក់ស្បែកជើងនិងមានឧស្សាហកម្មធុនតូចនិងមធ្យមនិងសិប្បកម្មជាង៥២ពាន់មូលដ្ឋានហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជិត២លាននាក់ ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជីវភាពរស់នៅចំពោះកម្មករ និយោជិតដោយបានដំឡើងប្រាក់ ឈ្នួលអប្បបរមាជូនកម្មករ និយោជិតផ្នែកវាយ នភណ្ឌកាត់ដេរ និង ផលិតស្បែកជើងកើនឡើងដល់១៩០ ដុល្លារអាមេរិកហើយបើក២ ដងក្នុងមួយខែនៅឆ្នាំ ២០២០ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ បន្ថែមផ្សេងៗទៀតពីការអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះរាជរដ្ឋាភិបាលបានគិតគូរដល់វិស័យសុខមាលភាពសង្គមដោយបានដោះស្រាយជូនបងប្អូន និយោជិត កម្មករកម្មការិនីនូវអត្ថប្រយោជន៍ជាច្រើន ទៀតដូចជាការពិនិត្យសុខភាពការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរបស់រដ្ឋការផ្តល់នូវរបបឧបត្ថម្ភមាតុភាពចំនួន៤០ម៉ឺនរៀលសម្រាប់ការសម្រាលបានកូនមួយតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.)ហើយបានដាក់ឱ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម២ ឆ្នាំនៃគ្រួសារមានបណ្ណសមធម៌ឬបណ្ណអាទិភាពដើម្បីសម្រាលបន្ទុកលើកកម្ពស់ជីវភាពនិងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារនិងបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីផ្តល់ការគាំទ្រផ្នែកសុខភាពប្រកបដោយគុណភាពនិងមិនគិតថ្លៃដល់កុមារកម្ពុជានិងការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈមិនគិតថ្លៃនៅពេលបុណ្យភ្ជុំបិណ្ឌនិងចូលឆ្នាំខ្មែរផងដែរ។ពលករកម្ពុជាដែលធ្វើការនៅបរទេសមានប្រមាណជាង៦ម៉ឺននាក់មានជាអាទិ៍ប្រទេសថៃសាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង និងប្រទេស អារ៉ាប៊ីសាអូឌីត ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់និងមុខជំនាញបច្ចេកទេស។
វិស័យសំណង់បាននិងកំពុងរីកលូតលាស់ដោយមានអគារខ្ពស់ៗប្រមាណជាង ១,៧០០ អគារចាប់ពី៥ជាន់ទៅដល់៤០ជាន់ឡើងក្នុងរាជធានីភ្នំពេញ ,ខេត្តព្រះ សីហនុ និង នៅតាមបណ្ដាខេត្តមួយចំនួន។
ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជាមានចំនួនប្រមាណ ៦,៦១ លាននាក់កើនឡើងប្រមាណ ៦,៦០% និងភ្ញៀវទេសចរជាតិមានចំនួនប្រមា ណ ១១,៣០លាននាក់កើនឡើងប្រមាណ ២,៣០% បើធៀបនឹងឆ្នាំ ២០១៨ និង បានបង្កើតការងារដោយផ្ទាល់ដល់ប្រជាជនកម្ពុជាមានប្រមាណជាង៦៣ ម៉ឺននាក់។ ចំណូលពីវិស័យទេសចរណ៍បានប្រមាណ ៤,៩១៩ លានដុល្លារអាមេរិកកើនឡើង ១២,៤០%ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណី យដ្ឋានអង្គរទទួលបានប្រមាណជាង ៩៩ លានដុល្លារអាមេរិកនិងមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណជាង ២,២លាននាក់ ៕