សមាគមនិសិ្សតខ្មែរ ប្រចាំរដ្ឋវិចតូរិយា ប្រទេសអូស្ត្រាលី រៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរតាម ONLINE ជំនួសឲ្យការជួបជុំ 


(ទីក្រុងម៉ែលប៊ន)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ សមាគមនិសិ្សតខ្មែរ ប្រចាំរដ្ឋវិចតូរិយា ប្រទេសអូស្ត្រាលី បានរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលខុសប្លែកពីសព្វមួយដង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សមាគមនិសិ្សតខ្មែរប្រចាំរដ្ឋវិចតូរិយា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងនិសិ្សតខ្មែរដែលកំពុងរស់នៅក្នុងរដ្ឋវិចតូរិយ៉ា ប្រទេសអូស្ត្រាលី មិនឲ្យចាកចេញពីផ្ទះ មានការជួបជុំលើសចំនួនពីរនាក់ និងគោរពច្បាប់គ្រាអាសន្ន។

គ្រោះអាសន្នជំងឺកូវិត១៩ បណ្តាលឲ្យប្រជាពលរដ្ឋអូស្ត្រាលីបានឆ្លងលើស ៦០០០នាក់ និងស្លាប់៥៩នាក់ ស្របគ្នានេះសមាគមនិសិ្សត ប្រចាំរដ្ឋវិចតូរិយាបានរួមចំណែក ក្នុងការផ្សប់ផ្សាយព័ត៌មានដែលមានប្រភពពិតប្រាកដ និងផ្តល់សេវាជំនួយដល់និសិ្សតតាមសមត្ថភាព។

ស្របនិងការស្នើសុំរបស់និសិ្សត និងប្រជាពលរដ្ឋ សមាគមនិសិ្សតប្រចាំរដ្ឋវិចតូរិយ៉ា ដែលមានសមាជិកដែលដឹកនាំដោយ លោក ម៉ៅ សុណារិទ្ធ, លោក អាន ម៉ារ៉ាដា, លោក អ៊ូ សាន់វីរៈ, លោក វេង ហេង, លោក ជា គឹមហាប់, លោក សុន ចរិយា, លោក ញ យូសិញ្ញ, លោក ឌីណា កិត្យាបុរមី, លោក លី បថាវី, លោក ទេព វិបុលបុត្រ អ្នកនាង អ៊ាង វួចលាង, អ្នកនាង និ ខូល, លោក អៀង គាងហេង និងលោក ដារ៉ា បង្គល បានសំរេចចិត្តរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាមប្រពន្ធ័ ONLINE។

ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ខាងមុខនេះ សមាគមនិសិ្សតខ្មែរយើងខ្ញុំ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ និងតាមជួយថែរក្សា ប្រជាពលរដ្ឋខ្មែរ និងនិសិ្សតទាំងអស់ឲ្យទទួលបាននូវសិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿងជានិរន្ដរ៍៕