ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យគោលដៅ ស្ដីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២បប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ស្ដីពីការហាមឃាត់ ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ


ខេត្តកណ្តាល៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យគោលដៅ ស្ដីពីការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២បប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ស្ដីពីការហាមឃាត់ ការធ្វើដំណើរនៅក្នុងប្រទេស ពីខេត្តមួយ ទៅខេត្តមួយ នៅគោលដៅផ្លូវជាតិលេខ២ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តតាកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុក ត្រូវអនុវត្តអោយបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២បប និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៣៩សសរ ដោយធ្វើការអប់រំ ណែនាំ និងពន្យល់ប្រជាពលរដ្ឋ អោយបានយល់អំពី ការគ្រោះថ្នាក់ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩។

ឯកឧត្ដមបន្ថែមថា ការហាមឃាត់ ការធ្វើដំណើរ ពីខេត្តមួយ ទៅខេត្តមួយ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា។