អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំការងារអនុវត្តផែនការ សកម្មភាពឆ្នាំ២០១៦ និង លើកទិសដៅបន្តឆ្នាំ២០១៧


នាថ្ងៃទី០៩ ខែ​កុម្ភៈ ឆ្នាំ ២០១៧នេះ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចូលរួមក្នុងកិច្ចប្រជុំការងារអនុវត្តផែនការ សកម្មភាពឆ្នាំ២០១៦ និង លើកទិសដៅបន្តឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្ត សៀមរាប។

នៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៦ និងលើក ទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក៏មានការចូលរួមពី លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីកិច្ចការនារី និងកុមារ ឃុំ សង្កាត់ និង អង្គការដៃគូចូលរួមផងដែរ។

ថ្លែងឲ្យដឹងនៅក្នុងពិធីបើកកិច្ចប្រជុំនោះ ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានកោតសរសើរ ពីលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងអ្នកពាក់ព័ន្ធ ទាំងអស់ក្នុងរយៈពេល មួយឆ្នាំនេះ ដើមី្បលើកកម្ពស់ នូវការយល់ដឹងពីតម្រូវការរបស់ស្ត្រីនិង កុមារ ព្រមទាំងបង្កើន ភាពអង់អាចដល់ស្ត្រី ក្នុងក្របខណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ឯកឧត្តម ឃឹម ប៊ុនសុង បានបន្តទៀតថា ការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ក៏ដោយមានកិច្ចគាំទ្រ សហការល្អ របស់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិល។

កិច្ចប្រជុំនេះនឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ក្នុងការបោះជំហានទៅមុខ លើការអនុវត្តតួនាទីភារកិច្ចរបស់គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការស្ត្រីនិងកុមារ ដើមី្បសម្របសម្រួលផ្តល់យោបល់ ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អនុវត្តតួនាទី ភារកិច្ចចាប់តាំងពីអាណត្តិទី១ ចូលដល់អាណត្តិទី២ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលដំណាក់ កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា គោលនយោបាយ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមផែនការអភិវឌ្ឍន៍ខេត្ត និង កម្មវិធីវិនិយោគ ខេត្តបីឆ្នាំរំកិល ។

ក្នុងនោះដែរឯកឧត្តម ឃឹម ប៊ុនសុង ក៏បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធ និង គោលបំណងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល​ដែលបានកំពុងយកចិត្តទុកដាក់  ក្នុងគោលបំណងលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ដើមី្បលើកកម្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ មានតម្លាភាព និង គណនេយ្យភាព សំដៅកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ឃឹម ប៊ុនសុង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនេះ នឹងផ្តល់ឲ្យអ្នកចូលរួម មានការទំនាក់ទំនងគ្នាល្អក្នុងការលើក កម្ពស់កិច្ចសហការ និង ការជម្រុញការបញ្ជ្រាបយេនឌ័រ ក្នុងការបង្កើនភាពអងអាចដល់ស្ត្រីដើមី្បឲ្យស្របតាមផែនការ យុទ្ធសាស្ត្រនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និង តម្លាភាព ក្នុងការរៀបចំផែនការ សកម្មភាព ថវិកាប្រចាំឆ្នាំ ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងបានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចជាតិ សង្គម ស្ត្រីជាមាតានៃពិភពលោក រីឯយុវវ័យ និង កុមារ គឺជាទំពាំងស្នងប្ញសី្ស​នៃប្រទេសជាតិ៕