អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យទីតាំងមូលដ្ឋាន ក្នុងស្រុកចំនួន៣ ដើម្បីប្រយុទ្ធជំងឺកូវីដ១៩


(ព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរសុខាភិបាល កងកម្លាំងទាំងបី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យទីតាំងជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ក្នុងស្រុកចំនួន៣គឺ ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ ដែលជាស្រុកជាប់ព្រំប្រទល់នឹងខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ខណៈកម្លាំងចម្រុះក្នុងមូលដ្ឋាន បានដាក់បារ៉ាសព្រំប្រទល់រវាងខេត្ត និងខេត្ត មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្ន។

វិធានការណ៍នេះ ធ្វើឡើងយោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត បានសំណូមសារជាថ្មីចំពោះប្រជាពលរដ្ឋគ្រប់រូប មេត្តាយោគយល់ និងសហការណ៍អោយបានល្អលើចំណាត់ការមួយនេះក្នុងគ្រាដ៏លំបាកផងដែរ។

ឯកឧត្តម ជា សុមេធី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ កងកម្លាំងប្រដាប់អាវុធ និងសហការី និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ជាពិសេសបានគោរពការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងឱកាសនោះ អភិបាលខេត្តព្រៃវែង ក៏បានផ្តល់អំណោយ រួមមាន៖

*ថវិកាសម្រាប់ពេទ្យប្រចាំការ មេឃុំ យោធាការពារព្រំដែន និងមេប៉ុស្តិ៍ ១ក្រុមៗ ចំនួន២០ម៉ឺនរៀល
*ទឹកផ្លែឈើចំនួន៥កេសនៅពាមរក៍ ២កេសនៅកំពង់ត្របែក និង២កេស ក្នុង១កន្លែងសម្រាប់៥កន្លែង ឈរជើងក្នុងស្រុកកំចាយមារ
*ទឹកសុទ្ធ៣០កេសនៅពាមរក៍ និង១០កេសនៅកំពង់ត្របែក និង១០កេសក្នុង១កន្លែងសម្រាប់៥កន្លែង ឈរជើងក្នុងស្រុកកំចាយមារ
*ម៉ាស់២៥០ម៉ាសនៅពាមរក៍ ១០០ម៉ាស់នៅកំពង់ត្របែក និង១០០ម៉ាស់ក្នុង១កន្លែងសម្រាប់៥កន្លែង ឈរជើងក្នុងស្រុកកំចាយមារ
*ស្រោមដៃ១០០គូរ នៅពាមរក៍
*កំប៉ុងបាញ់អាល់កុលចំនួន៥នៅពាមរក៍ ២កំប៉ុងនៅកំពង់ត្របែក និង១០កំប៉ុងសម្រាប់៥កន្លែង ឈរជើងក្នុងស្រុកកំចាយមារ៕