ឯកឧត្តម ម៉ក់ រ៉ា តបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិនៃសង្កាត់ព្រៃញីក្រុងពោធិ៍សាត់ អំពីវិធានការការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីត១៩


ព្រឹកថ្ងៃសុក្រ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅធនិន្ទប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិនៃសង្កាត់ព្រៃញីក្រុងពោធិ៍សាត់ អំពីវិធានការការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ ដោយបាននាំយកនូវអង្ករជាការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៧៥ គ្រួសារក្នុងនោះភូមិស្ពានថ្ម ១២គ្រួសារភូមិដូងជ្រុំ ៣៣ គ្រួសារនិងភូមិសាលាគំរូ ៣0គ្រួសារ។អមដំណើរឯកឧត្តមក្នុងឱកាសនោះរួមមានឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អឹុង គឹមលាងអភិបាលរងខេត្ត លោក សំរិទ្ធ អេង ប្រធានគណបក្សក្រុង រួមនិងក្រុមការងារមន្ទីរសង្កាត់និងក្រុមយុវជនស្រឡាញ់សន្តិភាព ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាផងដែរ ។

ឯកឧត្តម ម៉ក់ រ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យអនុវត្តឲ្យខាងតែបាននូវវិធានការការពាររបស់ក្រសួងសុខាភិបាលដែលរស់នៅស្អាតមានអនាម័យលាងដៃជាមួយសាប៊ូឬទឹកអាល់កុលឲ្យបានញឹកញាប់ទម្លាប់ពាក់ម៉ាសពេលជួបជុំគ្នា និងកុំចេញពីលំនៅស្ថានបើគ្មានការចាំបាច់។ ត្រូវអនុវត្តតាមអនុសាសន៍និងបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានដាក់ចេញនូវវិធានការថ្មីចូលឆ្នាំនៅតាមផ្ទះមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងខេត្តនឹងធ្វើដំណើរទៅភ្នំពេញ ព្រោះសម្ដេចធ្វើនេះដើម្បីសេចក្តីសុខនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងក្នុងការជៀសផុតពីការឆ្លងនៃមេរោគ កូវីដ១៩ ដ៏កាចសាហាវនេះ៕