ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងប្រាប់ថា ការបាញ់កំដៅដើម្បីស្កែនមើលកំដៅមន្ត្រីរាជការ និងបុគ្គលិកក្រុមទាំងស្ថាប័នរដ្ឋ និងឯកជន គឺមិនប៉ះពាល់សុខភាព ឬខួរក្បាល ដូចអ្វីដែលបងប្អូនមួយចំនួនមានការព្រួយបារម្ភនោះឡើយ ។
ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងបែបនេះ នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៣ មេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សូម្បីនៅក្រសួងសុខាភិបាល និងអ្នកចូលរួមសន្និសិទ្ធ ក៏ត្រូវបានបាញ់វាស់កំដៅផងដែរ ។
ពាក់ព័ន្ធនឹងការបញ្ជាក់របស់ក្រសួងជំនាញខាងលើ លោក ចំរ៉ុង ដែលជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងនៅរាជធានីភ្នំពេញបាននិយាយថា «មុនដំបូងខ្ញុំភ័យៗបារម្ភថា ប៉ះពាល់សុខភាពអីហ្នឹង ដោយសារតែមួយថ្ងៃខ្ញុំចេញទៅក្រុមហ៊ុនឯកជនច្រើន ពាក់ព័ន្ធនឹងការដាក់វិក័យប័ត្រ អញ្ចឹងខ្ញុំត្រូវគេបាញ់វាស់កំដៅ មួយថ្ងៃយ៉ាងហោច៤ ទៅ៥ដង ហើយគេបាញ់តម្រង់ក្បាល ធ្វើឲ្យមានអារម្មណ៍ដូចជាខ្ញាកៗក្បាលម៉េចមិនដឹងទេ ព្រោះខ្លាចមានវិទ្យុសកម្មប៉ះពាល់ខួរក្បាលដែរអីហ្នឹង» ។ យ៉ាងណាមិញ លោកបានបញ្ជាក់ថាក្រោយពីមានការបញ្ជាក់ពីក្រសួងជំនាញបានធ្វើឲ្យលោកអស់បារម្ភរឿងការបាញ់កំដៅនេះផងដែរ ។
សូមរំលឹកថា ចាប់តាំងពីពិភពលោកមានបញ្ហានៃការរាតត្បាតវីរុសឆ្លងកូវីដ១៩ ចំនុចសំខាន់មួយនោះគឺពាក់ព័ន្ធនឹងកំដៅ បើសិនជាកំដៅហក់ឡើងដល់៣៨អង្សាសេអីនោះ គឺគេតម្រូវឲ្យបុគ្គលិកក្រុមហ៊ុនសម្រាកពីការងារទៅពេទ្យ ដើម្បីពិនិត្យសុខភាពការពារនូវបញ្ហាណាមួយដែលអាចពាក់ព័ន្ធនឹងវីរុសកូវីដ ១៩ ។
យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី១៣ មេសា ក៏បានព្រមានផងដែរថា ប្រសិនបើកម្ពុជា មានករណីមនុស្សស្លាប់ដោយសារវីរុសកូវីដ១៩ នោះក្រសួងមានវិធានការណ៍រួចហើយ គឺមិនអនុញ្ញាតិឲ្យធ្វើបុណ្យជុំសាច់ញាតិឡើយ ឬហើរសពអ្វីនោះទេ គឺត្រូវកប់ ឬដុតចោលភ្លាមៗ ដូចបណ្តាប្រទេសដទៃផងដែរ ៕