ពលករ​ខ្មែរ​មក​ពី​ថៃ​ចំនួន ១៤៦​នាក់​ត្រូវ​​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែកក្នុង​ខេត្តកោះកុង


កោះកុង ​៖ គិត​ត្រឹម​ថ្ងៃ​ទី ១៤ ខែមេសា​ឆ្នាំ​២០២០ នេះ​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រកព្រំដែន​នៃ​ទឹកដី​ខេត្តកោះកុង​ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ខេត្ត​រៀបចំ​ឲ្យ​ពួក​គាត់​នៅ​ដាច់​ដោយឡែក​រយៈពេល ១៤ ថ្ងៃ​តាម​វិធាន​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​រាតត្បាត​វីរុស​កូ​វី​ដ ១៩ ។ នេះ​បើ​យោង​តាម​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ ពលករ​មក​ពី​ប្រទេស​ថៃ ចំនួន ១៤​នាក់ ដែល​បាន​ដាក់​ឱ្យ​រស់នៅ​ដាច់​ដោយឡែក ក្នុង​វិទ្យា​ល័​ហ៊ុន​សែន​ចាំ​យាម ស្រុក​មណ្ឌល​សីមា បាន​បញ្ជូន​ទៅ​ខេត្ត​ផ្សេង​ៗ​តាម​គោលដៅ​របស់​ពលករ​ម្នាក់​ៗ ដោយ​មាន​អាជ្ញាធរ​តាម​ខេត្ត​នីមួយ​ៗ​ដឹង​លឺ និង​ធ្វើការ​តាមដាន​បន្ត និង​ដាក់​ពួក​គាត់​ឱ្យ​នៅ​ដាច់​ដោយឡែក ១៤​ថ្ងៃ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ មាន​បងប្អូន​ពលករ​ខ្មែរ​មក​ពី​ថៃ​មួយ​ចំនួន​គឺ​មិន​ទាន់​ផុត​វិធាន​ច​ត្តា​ឡី​ស័ក​នៅឡើយ​ទេ ។ យ៉ាងណាមិញ​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​និង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន ១៤ ថ្ងៃ​នោះ គឺ​មក​ពី​ខេត្ត​ផ្សេង​ៗ​គ្នា​ដែល​ខ្លះមក​ពី កោះកុង កំពត បាត់ដំបង ព្រៃវែង និង​ខេត្ត តាកែវ​ជាដើម ៕