ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីថវិកាជំពូក២១


ថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីថវិកាជំពូក២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទ ក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់របាយការណ៍ស្តីពីការប្រើប្រាស់ថវិកាជំពូក២១ ក៏ដូចជាពិភាក្សាលម្អិតលើការកំណត់ផ្លូវអាទិភាពនៅទូទាំងប្រទេសដើម្បីចរចាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីពិភពលោកទាំងមូលកំពុងស្ថិតក្រោមការគំរាមកំហែង ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គឺជាបញ្ហាអាទិភាព ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការដឹកជញ្ជូន និងការបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋទូទៅ។

ទន្នឹមនឹងនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្ថិតនៅក្នុងស្ថានភាពបែបនេះ យើងផ្តោតការចំណាយតែទៅលើការជួសជុល ថែទាំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធណាដែលជាចំណុចអាទិភាព ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបម្រើឱ្យប្រយោជន៍ទូទៅរបស់ជាតិមាតុភូមិប៉ុណ្ណោះ។

ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបច្ចេកទេស សាងសង់ ជួសជុល និងថែទាំផ្លូវ ក្រោមឱវាទក្រសួង ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានជាប្រចាំ លើក្រុមហ៊ុនវិនិយោគទាំងឡាយ ដើម្បីជំរុញឱ្យពួកគេអនុវត្តតាមស្តង់ដាគុណភាពរបស់ក្រសួង ដែលបានដាក់ចេញជាដាច់ខាត ៕