ថ្ងៃនេះដំណឹងល្អទៀតហើយ៖ ក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៩៦នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ


(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩៦នាក់ ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៦នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ។

ករណីជាសះស្បើយមានចំនួន៥នាក់៖

* បុរសជនជាតិម៉ាឡេស៊ីចំនួន២នាក់ អាយុ៥១ឆ្នាំ និងអាយុ៣៤ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ជាអ្នកធ្វើការងារសាសនានៅតាមភូមិឃុំ ស្រុកកងមាស ខេត្តកំពង់ចាម បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរ ពេទ្យខេត្តកំពង់ចាម។

* បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ ដែលស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានលាប់ជំងឺកូវីដ-១៩នោះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងបានណែនាំ គាត់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត និងត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងការការពារការចម្លង ទៅក្រុមគ្រួសារ និងអ្នកដទៃឱ្យបានខ្ជាប់ខ្លួនជាប់ជាប្រចាំ។

* ជនជាតិខ្មែរ០២នាក់ មានបុរសអាយុ៤៥ឆ្នាំ ជាអ្នកដែលបានវិលត្រឡប់ មកពីការចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងស្ត្រីអាយុ៤១ឆ្នាំ ជាភរិយាបុរសអាយុ៤២ឆ្នាំ អ្នកជំងឺទាំងពីរនាក់រស់នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តបាត់ដំបង៕