ឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ  និងឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកសម្ភារ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនជូនព្រះសង្ឃគង់នៅវត្តចំនួន៣០ នៅខេត្តមណ្ឌលគិរី


 

មណ្ឌលគិរី៖ ដើម្បីដោះស្រាយការខ្វះខាតរបស់ព្រះសង្ឃដែលគង់នៅតាមទីវត្តអារាមនានា ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅក្នុងកាលៈទេសៈនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខា និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា រួមទាំងសមាជិក សមាជិកា បាននាំយកសម្ភារ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនជូនព្រះសង្ឃគង់នៅវត្តចំនួន ៣០វត្ត នៅខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែននោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ដោយស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ និងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹ​ង​ប្រែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេស នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានការប្រមូលផ្តុំគ្នាច្រើន នៅតាមទីវត្តអារាម តែឱ្យប្រជាពលរដ្ឋ អាចរៀបចំទទួលទេវតា នៅតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុសថ្មី ឬកូវីដ១៩។ ឯកឧត្តម ក៏អំពាវនាវដល់ព្រះសង្ឃ គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទប្រជាពលរដ្ឋចំណុះជើងវត្ត សូមចូលរួមអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ទាំងអស់គ្នា សំដៅចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ និងឯកឧត្តម ស្វាយ សំអ៊ាង រួមទាំងសមាជិក សមាជិកា បានបួងសួងដល់វត្ថុស័ក្ដសិទ្ធក្នុងលោក ក៏ដូចជាទេវធីតាឆ្នាំថ្មីព្រះនាម គោរាគទេវី សូមតាមបីបាច់ថែរក្សាថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សូមជួបតែសេចក្ដីសុខ សេចក្តីចម្រើន និងចៀសផុតពីជំងឺរាតត្បាតនានា ជាពិសេស ជំងឺកូវីដ១៩។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលត្រូវប្រគេនជូនព្រះសង្ឃចំនួន ៣០វត្ត នៅខេត្តមណ្ឌលគិរី រួមមាន ក្នុង១វត្ត ទទួលបាន អង្ករចំនួន ១០០គីឡូក្រាម មី ៥កេស ទឹកដោះគោខាប់ ១កេស ទឹកក្រូច ២កេស សាប៊ូ ១០ដុំ ទឹកសុទ្ធ ៥កេស និងថវិកា ២០ម៉ឺនរៀលផងដែរ៕