ពិធីប្រគល់ទទួលម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស់ ពីសប្បុរសជន នៅសាលាខេត្តមណ្ឌលគិរី ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩


មណ្ឌលគិរី៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរីករាលដាលជាសកល នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស់ ពីសប្បុរសជន តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

នាឱកាសនោះ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថាដោយមានការអំពាវរបស់អាជ្ញាធរខេត្ត រួមទាំងមន្ទីរការងារ ដល់សប្បុរសជន និងអាជីវករ ក្នុងការជួយគាំទ្រជាថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ ក្នុងនោះ លោក តាំង សេងលីម តំណាងសណ្ឋាគារមណ្ឌលគិរី និងមានការចូលរួមជួយពីសមាជិកសមាគមន៍ចិននៅកម្ពុជា ក៏បានជួយឧបត្ថម្ភម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស់ គិតជាថវិកា ៤,៥០០$ ផ្តល់ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការដ៏ល្អប្រពៃរបស់ លោក តាំង សេងលីម តំណាងសណ្ឋាគារមណ្ឌលគិរី និងសមាជិកសមាគមន៍ចិននៅកម្ពុជា ក៏ដូចជាមន្ទីរការងារ ក្នុងការចូលរួមសកម្មភាពប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ ឯកឧត្តម បានបញ្ជាក់ថា កន្លងមក សម្រាប់អាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានទទួលជាសម្ភារ និងថវិកាមួយចំនួន ពីសប្បុរសជន ហើយក៏មានការចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនប្រចាំខែ ទៅតាមលទ្ធភាពរបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីផ្តល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។

ឯកឧត្តម បន្ថែមថា ដោយឡែក សម្រាប់ម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស ដែលទទួលបានពីសប្បុរសជននាពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នឹងយកទៅប្រើប្រាស់ ចាត់វិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយវិធានការអនាម័យដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងការចុះណែនាំអប់រំអ្នកចំណូលស្រុក ឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ៕