ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញប្រគល់សម្ភារបរិក្ខាពេទ្យ ជូនមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩


មណ្ឌលគិរីះ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ឈឹម កាន និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញប្រគល់សម្ភារបរិក្ខាពេទ្យ ជូនមន្ទីរសុខាភិបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដែលប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីសុខាភិបាលទាំងអស់ ដែលបានបំពេញការងារដោយយកចិត្តទុកដាក់ក្នុងការបង្ការ ការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម បានបន្ថែមថា ការឆ្លងនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានការកើនឡើងជាបន្តបន្ទាប់ ហើយក្នុងនោះ អ្នកជាសះស្បើយក៏មានចំនួនច្រើនផងដែរ នេះបញ្ជាក់ឲ្យឃើញពីប្រសិទ្ធភាព និងវិធានការទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ព្រមទាំង សមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការពិនិត្យ ព្យាបាល ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយអាលកុលឬសាប៊ូ ត្រូវតែរក្សាគំលាតពីគ្នាយ៉ាងតិចមួយម៉ែត្រ មិនត្រូវប្រមូលផ្ដុំគ្នាច្រើន ត្រូវពាក់ម៉ាសនៅកន្លែងដែលមានមនុស្សច្រើន ត្រូវខ្ទប់មាត់ច្រមុះពេលក្អក ឬ កណ្ដាស់ ។

ឯកឧត្តម បញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាលត្រូវបានបញ្ចប់ តែមន្ត្រីចត្តាឡីស័ក ត្រូវនៅឈរជើងប្រចាំការតាមគោលដៅដដែល ដើម្បីត្រួតពិនិត្យភ្ញៀវចេញចូលខេត្តមណ្ឌលគិរី។ ម្យ៉ាងទៀត ចំពោះពលករដែលមកពីក្រៅប្រទេស ត្រូវរក្សាទុកឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីសង្ស័យត្រូវយកសំណាកទៅពិនិត្យ។

សូមបញ្ជាក់ថា សម្ភារបរិក្ខាពេទ្យ ដែលបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត ជាអំណោយរបស់សប្បុរសជននានា រួមមានះ ធុងបាញ់សម្លាប់មេរោគ ១ ថ្នាំបាញ់សំលាប់មេរោគ ១ធុង ម៉ាសការពារសម្រាប់បាញ់ថ្នាំ ចំនួន២០ម៉ាស អាវការពារ ចត្តាឡីស័កចំនួន ២០ អាវ ម៉ាសក្រណាត់ចំនួន ៩០០ម៉ាស ម៉ាសការពារចំនួន ២០ប្រអប់ ស្រោមដៃ ចំនួន០៧ ប្រអប់ អាលកុលសម្លាប់មេរោគ ចំនួន៤០ដប ទឹកអាល់កុលលាងដៃចំនួន ១០០លីត្រ ម៉ាស៊ីនវាស់កំដៅចំនួន០២ គ្រឿងផងដែរ៕