ភរិយា អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនលោកពូ ពោះម៉ាយម្នាក់ មានជីវភាពក្រីក្រ នៅស្រុកពេជ្រាដា


មណ្ឌលគិរីះ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ លោកជំទាវ យាន ឌីណា ភរិយាឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសាខាសមាគមកាយឫទ្ធិនារីកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអង្ករ ១០០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា មួង ភួយ តង់ អាល់កុល និងថវិកាចំនួន ៤០ម៉ឺនរៀល ផ្តល់ជូនលោកពូពោះម៉ាយម្នាក់ឈ្មោះ តាញ ថ្វីល អាយុ ៥២ឆ្នាំ ជនជាតិព្នង មានវិបត្តិផ្លូវចិត្ត តាំងពីប្រពន្ធស្លាប់រយៈពេល០៤ឆ្នាំ មានកូនប្រុស ៥នាក់ និងមានជីវភាពក្រីក្រ រស់នៅភូមិទី៣ ឃុំប៊ូស្រា ស្រុកពេជ្រាដា។
លោកជំទាវ យាន ឌីណា ក៏បានផ្តាំផ្ញើដល់លោកពូ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដោយត្រូវរស់នៅឱ្យមានអនាម័យជាប្រចាំ និងត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ម្យ៉ាងទៀត ដោយមើលឃើញពីតម្រូវការខ្វះខាតជាក់ស្តែងរបស់លោកពូ លោកជំទាវ យាន ឌីណា ភរិយាឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក៏បានជួយជួសជុលដំបូលផ្ទះ និងសាងសង់បន្ទប់អនាម័យ ដើម្បីបំពេញតាមតម្រូវការ និងជាការជួយសម្រួលការខ្វះខាតជូនគាត់ផងដែរ។

នាឱកាសនោះ លោកជំទាវ ក៏ជូនពរដល់លោកពូ តាញ ថ្វីល សូមមានសុខភាពល្អ ឆាប់ជាសះស្បើយពីជំងឺរាតត្បាតផ្សេងៗផងដែរ៕