កម្ពុជារក្សាបានអត្រាឆ្លងជំងឺកូវីដ-១៩ ត្រឹម១២២ករណី ៥ថ្ងៃជាប់គ្នា


(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសានេះ កម្ពុជាមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ហើយក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ។
របាយការណ៍ពីក្រសួងសុខាភិបាលដដែលបានបញ្ជាក់ទៀតថា គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតម៉ោង​ ៧:៣០ព្រឹក ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២០​ កម្ពុជារកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន១២២ករណី ដែលចំនួននេះ មិនមានការកើនឡើងរយៈពេល៥ថ្ងៃជាប់គ្នា ចាប់តាំងពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺចំនួនអ្នកជាសះស្បើយបានបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ទៅ ៩៨នាក់ ដែលស្មើនឹងជាង៨០ភាគរយនៃចំនួនអ្នកឆ្លងសរុប ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានត្រឹមតែ ២៤នាក់ប៉ុណ្ណោះ។