ឯកឧត្តម ជា ច័ន្ទបរិបូរណ៌រំលឹក” ថ្ងៃនេះ១៧មេសាឆ្នាំ១៩៧៥កាលពី៤៥ឆ្នាំមុន!”


ក្រោយពីនៅក្នុងត្រង់សេជាច្រើនខែ ទីបំផុតថ្ងៃនេះកងទ័ពរំដោះបានវាយយកទីក្រុងភ្នំពេញបានដោយជោគជ័យ។

នៅម្តុំផ្ទះខ្ញុំឯបឹងទំពន់ជិតផ្ទះលោកសេនាប្រមុខ លន់ណុល យកក្រណាត់សមកចងនៅមុខផ្ទះជាសញ្ញាបញ្ជាក់ថា៖ចុះចាញ់(មិនដឹងជាអ្នកណាប្រាប់នោះទេចេះតែធ្វើតាមគ្នា) ខ្ញុំបានយកក្រណាត់សកំរាលតុ់ មកចងនៅមុខផ្ទះដែ។

ក្រោយពីនោះប្រមាណជា២ម៉ោងនៅភូមិពួកយើងឯ បឹងទំពន់បានឃើញកងទ័ពសាធារណៈរដ្ឋរបស់លោកបានដើមកកាត់ភូមិពួកយើង ខ្លះត្រូវរបួស ខ្លះ រត់ដោយទឹកមុខភ័យខ្លាច…..។

និយាយពីគ្រួសារខ្ញុំវិញម្តងឪពុកខ្ញុំមិនបាននៅផ្ទះពីរថ្ងៃមកហើយដោយបុណ្យចូលឆ្នាំខ្មែរផងហើយស្របនិងសភាពការណ៌មិនល្អផង គាត់នៅប្រចាំការណ៌នៅវិទ្យុជាតិ មុនបែកភ្នំពេញប្រមាណជា១ម៉ោងវិទ្យុជាតិកបានបិទកាផ្សាយទាំងស្រុង …….ផ្សែងខ្មៅនៅខាងជើងឈៀងខាកើតទីក្រុងកំពុងឆេះឃ្មួលខ្មាញ់…….មិនយូរប៉ុន្មានឪពុកខ្ញុំនិង ពូរបស់ខ្ញុំបានមកដល់ផ្ទះឯបឹងទំ មុនពេលគាត់ត្រឡប់មកផ្ទះឪពុកខ្ញុំបានបញ្ជាអោយបិតការផ្សាយរបស់វិទ្យុជាតិទាំងស្រុង)។
ខ្ញុំអង្គុយស្តាប់ឪពុកនិងម្តាយខ្ញុំនិយាយគ្នាក្រោមផ្ទះ……ឪពុកខ្ញុំគាត់និយាយប្រាប់ម្តាយខ្ញុំថា៖ទឹកទន្លេកាលណាហូរចូលសមុទ្រគេហៅថាទឹកសមុទ្រហើយ។ម្តាយខ្ញុំគាត់មានកង្វល់ ព្រោះរាល់ពេលដែលប្រ ទេសកម្ពុជាផ្លាស់ប្តូរបបនយោបាយលោកឪពុកតែងតរូវបានអ្នកនយោបាយឃាត់ខ្លួនគាត់អោយនៅក្នុងវិទ្យុជាតិគ្រប់ពេលដូចកាលដែលលោកលន់ណុលធ្វើរដ្ឋប្រហារទំលាក់សម្តេចឪពេលនោះ។

ក្រុមលោកលន់ណុលបានហៅឪពុកខ្ញុំអោយមក ថត សារនយោបាយដើម្បីចក់ផ្សាយនៅវិទ្យុជាតិពេលនោឪពុកខ្ញុំត្រូវបានក្រុមលោកលន់ណុលឃាត់ខ្លួនពីរថ្ងៃរហូតដល់ថ្ងៃ១៩ មិនា ១៩៧០ទើបដោះលែងគាត់វិញ។

មិនយូរប៉ុន្មានវិទ្យុជាតិក៏ចាប់ផ្តើមផ្សាយវិញពេលនោះលោកឪពុកខ្ញុំមានកាផ្ញាក់ផ្អើលយ៉ាងខ្លាំងថា៖តើអ្នក ណាជាអ្នកបញ្ជាអោយវិទ្យុជាតិផ្សាយ?

បន្តិចក្រោយមកមានចម្រៀងបដិវត្តន៌បានឮឡើងបន្ទាប់ មកទៀតអង្គការបានប្រកាស់ឈ្មោះអ្នកធ្វើការនៅវិទ្យុជាតិអោយចូលទៅធ្វើការងារវិញក្នុងនោះក៏មានឈ្មោះលោកឪពុកខ្ញុំម្នាក់ដែ។
ក្រោយពីឮវិទ្យុជាតិប្រកាស់ឈ្មោះជាច្រើនលើកលោកឪពុកបានប្រាប់ម្តាយនិងពួកខ្ញុំថា៖ជាតិត្រូវការប៉ាហើយ ដូឆ្នេះប៉ាត្រូវតែចូលទៅកន្លែងការងារវិញ និយាយហើយលោកឪពុក កបានចេញដំណើរទៅវិទ្យុជាតិវិញ។

និយាយពីពួកយើងនៅផ្ទះបងប្រុសខ្ញុំបានបើកវិទ្យុជាតិស្តាប់រហូតប្រមាណជា១ម៉ោងក្រោយមកលែងឮគេផ្សាយឈ្មោះលោកឪពុកខ្ញុំទៀតបងប្រុសខ្ញុំគាត់និយាយ ថា៖ប៉ាបានទៅដល់វិទ្យុជាតិហើយទើបមិនឮគេប្រកាស់ឈ្មោះប៉ាទៀត។

ម៉ោងប្រមាណជា៣រសៀលវត្តមានកងទ័ពរំដោះបានទៅបឹងទំពន់)របស់ពួកយើងរស់នៅ ពួកគេនិយាយគួអោយគោរពណាស់ ឃើញចាស់ៗពួកគេហៅថា៖ពុក ម៉ែ លោកអ៊ុំ …….។ល។

លុះដល់ពេលព្រឹកស្អែក(ថ្ងៃទី១៨មេសា១៩៧៥)លេចមុខកងទ័ពរំដោះមកម្តងទៀតតែពេលនោះភាគច្រើនជាកងទ័ពក្មេងៗ មុខមាំៗ ហើយនិយាយគ្មានសិលធម៌នោះទេ និយាយដោយពាក្យកំបុតៗថា នាំគ្នាចេញពីភ្នំពេញអាមេរិកនិងមកទំលាក់គ្រប់បែកឥឡូវហើយ។

ពួកយើងនៅក្នុងភូមិមិនមានអ្នកណាមួយចេញនោះទេលុះដល់ម៉ោងប្រមាណជា២រសៀលនៅខាងជើងផ្ទះខ្ញុំត្រូវបានកងទ័ពរំដោះបាញ់មួយគ្រាប់ដាច់ស្លឹកត្រជៀកពេលនោះអ្នកភូមិចាប់ផ្តើមភ័យខ្លាចរួចហើយកនាំគ្នារៀបចំឥវ៉ាន់ចេញដំណើររៀងៗខ្លួន។

មុនចេញដំណើរអ្នកភូមិបាននាំគ្នាមកសួសុខទុក្ខម្តាយរបស់ខ្ញុំដោយពួកគេបារម្មណ៌ថា៖មិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ(ត្រង់នេះខ្ញុំចង់រំលឹកថាលោកឪពុកជាអ្នកជួយយកអាសាប្រជាជនក្នុងភូមិ ហើយអ្នកភូមិស្រ ។

គ្រួសារខ្ញុំបានអ្នកភូមិម្នាក់គាត់រកស៊ីលក់ទឹកបានអោយរទេសអូសទឹកមួយសម្រាប់ពួកយើងដាក់ឥវ៉ាន់ម្តាយខ្ញុំគាត់ពិបាកចិត្តព្រោះលោកឪពុកមិននៅជិតហើយមិនដឹងសុខទុក្ខយ៉ាងណា។

បងប្រុសខ្ញុំគាត់ធំជាងគេអាយុ១៧ឆ្នាំ បងស្រី អាយុ ១៥ឆ្នាំ ជាអ្នកអូររទេសជាមួយម្តាយខ្ញុំ រីឯខ្ញុំមានអាយុជាង១៣ឆ្នាំ ជាអ្នកមើលប្អូនតូចៗ៣នាក់ ។
ចេញផុតពីបឹងទំពុនមកដល់ទំនប់ទឹកមានមនុស្សច្រើនណាស់ហើយមានធំក្លិនស្អុយមនុស្សស្លាប់យើងដើរមួយយប់បានត្រឹមតែលើទំនប់ទឹកនោះទេដោយចង្អៀតពេក។

ម្តាយខ្ញុំគានិយាយថា៖ប៉ាកូនឯងនៅធ្វើការដូឆ្នេះយើងត្រូវចេញដំណើរទៅខេត្តកំពតព្រោះទីនោះជាស្រុកកំណើតម្តាយខ្ញុំ ។
ព្រឹកឡើងពួកយើងចេញដំណើរបន្តរទៀតតែពេលទៅ ដល់រង្វង់មូលក្បាលថ្នល់ពួកខ្មែរក្រហមបានបិផ្លូវនៅទីនោះអោយទៅតែផ្លូវម្ខាងគឺឆ្លងស្ពានតែម្តង ពេលនោះម្តាយខ្ញុំគាត់ប្រាប់បងខ្ញុំថា៖យើងទៅកំពង់ចាមវិញព្រោះទីនោះជាស្រុកកំណើតលោកឪពុករបស់ខ្ញុំ។

ពេលដែលពួកយើងធ្វើដំណើរឆ្លងផុតស្ពានស្រាប់តែជួបនិងលោកឪពុកនិងពូរបស់ខ្ញុំដែលពួកគាត់កំពុងតែចាំគ្រួសារខ្ញុំអស់ពេល៣ថ្ងៃហើយពេលនោះលោកឪពុកនិយាយប្រាប់ម្តាយខ្ញុំថា ពេលដែលពួកគាត់ចេញពីផ្ទះមកជួបនិងខ្មែរក្រហមមួយក្រុមហើយពួកគេនិយា យថាត្រូវតែចេញពីភ្នំពេញបើទោះបីលោកឪពុកខ្ញុប្រាប់ពួកគេពីវិទ្យុជាតិបានប្រកាសហៅអោយគាត់ចូលធ្វើការយ៉ាងណាកដោយពួកគេនិយាយថា៖ពួកយើងជាមុខសញ្ញាជម្លៀសប្រជាជនដូឆ្នេះមិនស្តាប់អ្នកណាទាំងអស់……..។

ពេលនោះលោកឪពុកនិងពូរបស់ខ្ញុំត្រូវបានពួកខ្មែរក្រហមជម្លៀសចេញមុនពួកគាត់បានមកស្នាក់នៅវត្តនិរោធហើយរាល់ថ្ងៃគាត់ចេញមកឈមើលដើម្បីរង់ចាំពួកខ្ញុំជាផលបុណ្យគ្រាន់តែពួកយើងឆ្លងផុតពីស្ពានភ្លាមលោកឪពុកបានឃើញខ្ញុំមុនគេពេលនោះគាត់ស្រក់ទឹកភ្នែកដោយឃើញពួកខ្ញុំ……លោកឪពុកបាននិយាយប្រាប់ម្តាយខ្ញុំថា៖យើងទៅស្រុកកំណើតឯស្រុកស្រីសន្ធរខេត្តកំពង់ចាម។

តាមផ្លូវខ្ញុំបានឃើញលោកឪពុកជួបនិងកម្មភិបាលខ្មែរក្រហមម្នាក់ជិះម៉ូតូ សេអឹល តាមពិតកម្មភិបាលម្នាក់នោះជាមិត្តរបស់គាត់…..មុនឡើងរថយន្តចេញទៅគាត់បាននិយាយមកកាន់លោកឪពុកខ្ញុំថា៖អាសំឡាញ់ពេលទៅដល់ស្រុកកំណើតត្រូវរស់នៅដោយសម្របខ្លួនតាមប្រជាជនចាស់ និយាយហើយឡានកចេញទៅ។

ពួកយើងដើរជិតពីរខែទើបដល់ស្រុកកំណើតរបស់ឪពុករបស់ខ្ញុំ។ជីតានិងជីដូនរបស់ខ្ញុំគ្រាន់តែបានឃើញពួកយើងគាត់ស្រែកយំតែម្តង……។
ស្អែកឡើងលោកឪពុកបានយកសៀវភៅរបស់ពួកខ្ញុំទៅបោះចោលក្នុងទឹកទន្លេហើយគាត់និយាយមកកាន់បងប្រុសបងស្រីនិងខ្ញុំថា៖ចាប់ពីពេលនេះទៅកូនៗលែងបានរៀនទៀតហើយ។

រីឯម្តាខ្ញុំបានយកខោអាវពួកខ្ញុំទៅកប់ភួកអោយខ្មៅ បន្ទាប់មកគាត់បានកាត់សក់បងស្រី និងប្អូនៗស្រីរបស់ខ្ញុំទាំងអស់អោយខ្លីៗដូចអ្នកមូលដ្ឋាន……ក្រុមខ្មែរក្រមបានមកជួបនិងគ្រួសាររបស់ខ្ញុំហើយនិយាយថា៖ត្រូវជម្រុះអោយអស់កម្មសិទ្ធចក្រព័តអាមេរិក។

ពេលយប់ពួកខ្មែរក្រហមបានយកលោកឪពុកខ្ញុំទៅរៀនសូត្រ…….ចាប់ពីពេលនោះមកពួកយើងរស់នៅក្នុងគុកឥតជញ្ជាំង ធ្វើការដូចជាទាសករយើងបានរស់ជាមនុស្សវិញក្រោយពីថ្ងៃ៧មករាឆ្នាំ១៩៧៩ក្រោយពីរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាបានរំដោះពួកយើងអោយរស់រានមានជីវិត។

ឯកឧត្តម ច័ន្ទ បរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន រំលឹកពីជីវិតគ្រួសារ ក្នុងថ្ងៃ ១៧មេសាឆ្នាំ១៩៧៥ និងថ្ងៃ ១៧មេសាឆ្នាំ ២០២០ ។