សម្តេចតេជោ ហ៊ុន សែន ៖ របបប៉ុលពត ពលរដ្ឋគ្មានសេរីភាព សូម្បីតែសិទ្ធិរស់រានក៍គ្មានដែរ


(ភ្នំពេញ)៖ ក្នុងថ្ងៃខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាចនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថា របបប៉ុលពតនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការដឹកនាំរបស់របបដ៍ឃោឃៅនោះថា ក្នុងរបបប៉ុលពត ដែលដាក់ឈ្មោះកម្ពុជាប្រជាធិបតេយ្យក្លែងក្លាយនោះ “សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។”

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់នៅលើទំព័រ FACBOOK ថា ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។

ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ពលរដ្ឋចងចាំរបបដ៏ព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថាសម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុនក្នុងការរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប៉ុលពត និងបានដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិរហូតដល់មានសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕