បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកិច្ចប្រជុំ ពិនិត្យ វឌ្ឍនភាព ការងារ ប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែត។
ថ្លែងក្នុងនាមប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានពាំនាំការសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលក្រុង អាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអប់រំ ផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋយើងចូលរួមអនុវត្តន៍នូវរាល់វិធានការពារការឆ្លងជំងឺកូវីដ១៩ តាមរយៈកាលរស់នៅដោយអនាម័យជាដើម។ ល។
ជាមួយគ្នានេះឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី ក៏បានសំណូមពរឱ្យរដ្ឋបាលក្រុង អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ណែនាំ តាមដាន ពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រួសារបងប្អូនប្រជាពលរដ្ឋដែលកំពុង ជួប ការលំបាក ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ ដែលវិលត្រលប់មកពីក្រៅប្រទេស ជាពិសេសបងប្អូនពលករដែលត្រលប់ពីធ្វើការនៅប្រទេសថៃ ត្រូវចុះណែនាំពួកគាត់ដល់ខ្នងផ្ទះ កុំដើរចេញក្រៅជួបជុំមនុស្សច្រើន ដោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។
ជាមួយគ្នានេះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បាននាំយកអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មានអង្ករ ចំនួន ៥តោន និងខិត្តប័ណ្ណ២០០០សន្លឹក ចែកជូនដល់៖
១.រដ្ឋបាលក្រុងប៉ោយប៉ែត ទទួលបានអង្ករ២តោន និងខិតប័ណ្ណ២០០០សន្លឹក
២.សង្កាត់ទាំង៣ ក្នុង១សង្កាត់ៗទទួលបានអង្ករ១តោន ៕