លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រគល់អណ្តូងទឹកស្អាតសាងសង់រួចជាស្ថាពរ ចំនួន ៥អណ្តូង លើ ៤៤អណ្តូងសម្រាប់ឆ្នាំ២០២០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សហគមន៍ប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយកង្វះខាតទឹកស្អាតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ


(ប៉ៃលិន)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រគល់អណ្តូងទឹកស្អាតសាងសង់រួចជាស្ថាពរ ចំនួន ៥អណ្តូង លើ ៤៤អណ្តូងសម្រាប់ឆ្នាំ២០២០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សហគមន៍ប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយកង្វះខាតទឹកស្អាតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ការប្រគល់នេះបានធ្វើនៅថ្ងៃទី១២-១៥ ខែមេសា ឆ្នាំ២០២០ នៅទីតាំងផ្ទាល់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខា បានបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់។

ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិត បានផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការការពារការឆ្លងវីរុសកូវីដ១៩ តាមរយៈ ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ដោយយើងមិនដឹងខ្លួន។

ក្នុងនោះដែរ លោកជំទាវ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ការរស់នៅត្រូវប្រុងប្រយ័ត្នខ្ពស់ពីសុខភាព រស់នៅស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលសន្ទនា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិ រយ:ពេល១៤ថ្ងៃសិន
បើមានករណីថាសង្ស័យ ដូចជា ផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទាក់ទងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំសង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ។