ការ​ចាក់​ផ្សាយ​​កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ចាប់​ផ្ដើម​នា​​ថ្ងៃ​ចន្ទ​ស្អែក​នេះ


រាជធានី​ភ្នំពេញ៖ ការ​ចាក់​ផ្សាយ​​កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​គ្រោង​នឹង​ដំណើរ​ការ​តាម​​ការ​ណែនាំ​​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​ភាព​ជោគជ័យ​នេះ​កើត​ចេញ​ពី​កម្លាំង​រួមគ្នា​បំពេញ​ភារកិច្ច​រវាង​ក្រុម​ជំនាញ​ក្រសួង​ព័ត៌មាន តេជោ​ឌីធីវី ជាមួយ​ក្រុម​ជំនាញ​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​កិច្ច​សហប្រតិបត្តិការ​​​កម្មវិធី​ខាង​លើ​។​

មុន​ដំណើរ​ការ​កម្មវិធី​ចាក់​ផ្សាយ​​នា​ថ្ងៃ​ស្អែក​នេះ ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង​បាន​រៀប​ចំ​​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​​​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ចំណុច​ផ្សេងៗ ព្រមទាំង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​បន្ទប់​ស្ទូឌីយោ​​នៃ​ទូរទស្សន៍​តេជោឌីធីវី ដើម្បី​ធានា​បាន​ថា​ការ​ចាក់​ផ្សាយ​នា​ថ្ងៃ​ស្អែក​នេះ​ដំណើរ​ទៅ​ដោយ​ភាព​រលូន បម្រើ​ដល់​តម្រូវ​ការ​របស់​សិស្សានុសិស្ស។​​​

សិស្សានុសិស្ស​អាច​ទស្សនា​វីដេអូ​បង្រៀន​តាម​រយៈ៖
១. ទូរទស្សន៍​ជាតិ​កម្ពុជា​ទី​២ ឬ TVK2 ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ទើប​បង្កើត​ថ្មី សម្រាប់​ការ​អប់រំ
២. ការ​បញ្ជូន​បន្ត​ដោយ​ថាស​ផ្កាយ​រណបតេជោ TV ឬ Dtv ប៉ុស្តិ៍​លេខ​២២ ទៅ​កាន់​តំបន់​ជនបទ
៣. ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែកាប​ថ្មី ដែល​ទើប​បង្កើត​នៅ​គ្រប់​ខេត្ត-រាជធានី និង​តំបន់​ទី​ប្រជុំជន
៤. គេហទំព័រ​មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​របស់​ក្រសួង​អប់រំ ​ដែល​មាន​តំណ​ភ្ជាប់៖ https://elearning.moeys.gov.kh/
៥. ការ​ប្រើ Smartphone ដើម្បី​ប្រើប្រាស់ App របស់​ក្រសួង​ព័ត៌មាន

កម្មវិធី​​សិក្សា​នេះ​នឹង​ចាប់​ផ្ដើម​​ពី​ម៉ោង​៨​ព្រឹក​តទៅ​ និង​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​​​២៤ម៉ោង ជា​រៀងរាល់​ថ្ងៃ ​សម្រាប់​សិស្ស​​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ និង​កម្មវិធី​អប់រំ​កុមារ​តូច ដោយ​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។ សូម​ជម្រាប​ថា កម្មវិធី​សិក្សា​នេះ​ត្រូវ​បាន​ដំណើរ​ការ​ ខណៈ​ដែល​ការ​សិក្សា​​​នៅ​កម្ពុជា​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ដោយសារ​ជំងឺ​កូវីដ-១៩។ តែ​​ទោះបី​សាលា​រៀន​បើក​ដំណើរ​ការ​ឡើងវិញ​ក្ដី ក៏​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ ក៏​នៅ​តែ​បន្ត​ចាក់​ផ្សាយ​កម្មវិធី​អប់រំ​ជា​ច្រើន​ទៀត​​ដដែល៕

១៩ មេសា ២០២០ | ទីស្ដីការ​ក្រសួង​ព័ត៌មាន

#elearning #EBS #LearningNeverStops