លោកជំទាវ តោ ពិឡា អញ្ជើញចែកស្បៀង (អង្ករ) ដល់អាណាព្យាបាលសិស្សជួបការលំបាក និងទីទ័លក្រ ចំនួន ១២៤ គ្រួសារ នៅស្រុកព្រៃឈរ


(កំពង់ចាម)៖ ថ្ងៃច័ន្ទ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចែកស្បៀង (អង្ករ) ដល់អាណាព្យាបាលសិស្សជួបការលំបាក និងទីទ័លក្រ ចំនួន ១២៤ គ្រួសារ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្របតាមក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលបានរៀបចំបង្វែរពីការចំអិនអាហារដល់សិស្សានុសិស្សនៅតាមគោលដៅសាលា ទៅជាការចែកស្បៀងសម្រាប់ចំអិននៅតាមផ្ទះរៀងៗខ្លួន។
ជាក់ស្តែងនាពេលនេះស្បៀងជាអង្ករចំនួន ១៥គីឡូ ក្នុង១គ្រួសារ ត្រូវបានចែកជូនដល់អាណាព្យាបាលសិស្សដែលក្រីក្រ រួមមាន ក១ ក២ និងប្រជាពលរដ្ឋមានប័ណ្ណសមធម៌ ដែលមកពីភូមិ ចំនួន ៧ រួមមានភូមិថ្មដា ភូមិតាអុង ភូមិឈើបាក់ ភូមិត្រើង ភូមិជន្លាត់ដៃ ភូមិឈូកស និងភូមិ ត្រពាំងធំ ក្នុងស្រុកព្រៃឈរ ។ ក្នុងនោះ ភូមិថ្មដានិងភូមិតាអុង មានចំនួន ៥៦ គ្រួសារ ភូមិឈើបាក់ ភូមិត្រើងនិងភូមិជន្លាត់ដៃ ចំនួន ៤៣ គ្រួសារ និងភូមិឈូកស ត្រពាំងព្រះ ចំនួន ២៥ គ្រួសារ ។

លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបឹងណាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងថាស្បៀង( អង្ករ)ដែលត្រូវចែកជូនបងប្អូននាពេលនេះ គឺបានមកពីការបង្វែរ ពីការចំអិនអាហារពេលព្រឹកសម្រាប់កុមារក្នុងសាលាបឋមសិក្សាចំនួន ៣ គឺសាលាបឋមសិក្សាថ្មដា បឋមសិក្សាឈើបាក់ និងបឋមសិក្សាក្បាលដំរី ផ្តូរជាអង្ករយកមកចែកជូនសិស្សានុសិស្សក្រីក្រ ស្របតាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានជូនដំណឹងដល់ក្រសួងអប់រំយុវជននិងកីឡា ។ កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការផ្អាកជាបណ្ដោះអាសន្នក្នុងការបង្រៀងដល់សិស្សទូទាំងប្រទេស ដោយឡែកខេត្តកំពង់ចាមក៏ដូចគ្នាផងដែរ ក្នុងនោះស្រុកព្រៃឈរ មានសាលាគោលដៅសរុប ៣៣គោលដៅ ។ ដោយឡែក ក្នុងនោះមាន ៣ គោលដៅយើងបានបង្វែរ ពីអាហារសម្រាប់បរិភោគពេលព្រឹករបស់សិស្ស មកជាអង្ករចំនួន ១៥ គីឡូក្នុង១គ្រួសារ ដើម្បីយកទៅចែកជូនដល់ គ្រួសារក្រីក្រ ដែលជាអាណាព្យាបាលសិស្សនាព្រឹកនេះ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ បានពាំនាំប្រសាសន៍ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះដែរជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខសវត្ថិភាព រស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។ មានប្រសាសន៍បន្តទៀតថា ដោយសារតែបញ្ហាជំងឺរលាកសួតប្រភេទថ្មី Covid-19 នេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើង ពុំមានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹម ជីវិត។ជាក់ស្តែង នាពេលនេះ លោកជំទាវ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ បាននាំយកស្បៀងទាំងអស់នេះយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើង ។

លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ថ្វីដ្បិតតែពេលនេះប្រទេសរបស់យើងកំពុងប្រឈមនិងបញ្ហាសេដ្ឋកិច្ចដោយសារតែការរីករាលដាលនៃជំងឺកូវីត១៩ នេះ តែទោះជាយ៉ាងណា ក៏សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា របស់យើង មិនអោយបងប្អូនប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ដោយការអត់ឃ្លាននោះទេ ផ្ទុយស្រឡះពីរបបប៉ុលពត ដែលបានធ្វើអោយបងប្អូនរបស់យើងរស់រងទុក្ខវេទនា និងស្លាប់ដោយសារអត់អាហារ។

លោកជំទាវ តោ ពិឡា បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរបស់យើង សូមបញ្ជូនកូនឱ្យចូលរៀនសូត្រ ដើម្បីរកជំនាញ និងចំណូលចិញ្ចឹមជីវិត នាពេលអនាគត។ ជាពិសេស បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំបឹងណាយ ត្រូវចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-19 នៅជាមួយរាជរដ្ឋាភិបាល ដោយធ្វើតាមការនែនាំរបស់ ក្រសួងសុខាភិបាល ។បន្ទាប់ពីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្ររួចមក លោកជំទាវ តោ ពិឡា បានផ្តល់បន្ទប់ទឹក ចំនួន ៥ ដល់សាលាបឋមសិក្សា ថ្នដា ស្ថិតក្នុងភូមិថ្នដា ឃុំបឹងណាយ ស្រុកព្រៃឈរផងដែរ៕