អត្ថាធិប្បាយ៖ យើងសប្បាយរីករាយ ប៉ុន្តែមិនត្រូវភ្លេចខ្លួន


(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺ COVID-19 មិនមានលទ្ធភាពឆ្លងរាតត្បាតនៅកម្ពុជាទេ បានន័យថា ប្រទេសយើងអាចត្រួតត្រាសភាពការណ៍នៃការឆ្លងជម្ងឺនេះបានដោយជោគជ័យ ។ អ្នកឆ្លងថ្មីក៏គ្មាន អ្នកស្លាប់ក៏គ្មាន មានតែអ្នកដែលបានព្យាបាលជាសះស្បើយ ហើយអ្នកជម្ងឺដែលនៅសេសសល់ក៏កាន់តែមានចំនួនថយចុះ ។ នេះជាដំណឹងដ៏គួរឲ្យសប្បាយរីករាយ ។ ជាក្តីសប្បាយរីករាយរបស់គ្រួសារកម្ពុជាទាំងមូល ដែលបានយកជ័យជម្នះលើជម្ងឺ COVID-19 ។ ប៉ុន្តែពីក្នុងក្តីសប្បាយរីករាយនេះ យើងក៏មិនត្រូវភ្លេចខ្លួនដែរ ។

អ្នកជំនាញសុខាភិបាលកម្ពុជាក៏បានព្រមានថា ថ្វីត្បិតតែគ្មានអ្នកឆ្លងថ្មី ហើយអ្នកជាសះស្បើយកាន់តែច្រើន ប៉ុន្តែស្ថានភាពនៅផុយស្រួយណាស់ គឺបានន័យថា កម្ពុជាមិនទាន់ឆ្លងរួចផុតពីការគម្រាមកំហែងដ៏គ្រោះថ្នាក់នៃជម្ងឺ COVID-19 នោះទេ ។ ដរាបណានៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាល និងមិនទាន់មានវ៉ាក់សាំងសម្រាប់ការពារ មានន័យថា ប្រទេសកម្ពុជានៅតែប្រឈមនឹងការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះដដែល ។ បើសិនហ៊ានធ្វេសប្រហែសតែមួយវិនាទី ជម្ងឺនេះនឹងជ្រៀតចូលក្នុងខ្លួនយើងបានភ្លាម ។ ពេលនេះ ខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ប្រទេសជាតិយើងទាំងមូលនឹងក្លាយទៅជាអ្នករងគ្រោះពោរពេញដោយវិប្បដិសារី ដែលបណ្តាលមកពីការធ្វេសប្រហែសរបស់យើងជាមិនខាន ។

យើងគប្បីរំលឹកថា នៅពេលដែលជម្ងឺ COVID-19 ចាប់ផ្តើមផ្ទុះឡើងពីដំបូងរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការដាក់ចេញនូវវិធានការ និងគោលនយោបាយសំខាន់ៗជាច្រើន មានលក្ខណៈជាការអន្តរាគមន៍បន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 ផង និងដើម្បីទ្រទ្រង់រាល់វិស័យនានាដែលរងផលប៉ះពាល់ពីជម្ងឺដ៏កាចសាហាវនេះផង ទាំងទៅលើទិដ្ឋភាពសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅផ្ទាល់របស់ប្រជាជន ។ វិធានការសំខាន់៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកដោយភាពម៉ឺងម៉ាត់ដាច់ខាត និងម៉ត់ចត់បំផុតនោះគឺ ការទប់ស្កាត់មិនឲ្យមានការបន្តនាំជម្ងឺចូលមកកម្ពុជា, ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និងការព្យាបាលអ្នកដែលបានឆ្លងជម្ងឺ COVID-19 ។ ប្រជាជនកម្ពុជាក៏មានការភ្ញាក់រឭកយល់ដឹងខ្ពស់ រួមគ្នាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ និងការណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានធ្វើឲ្យប្រទេសយើងជៀសរួចផុតចាកឆ្ងាយពីគ្រោះអន្តរាយ ដែលបង្កឡើងពីជម្ងឺ COVID-19 ។ អ្វីដែលកាន់តែពិសេសនោះ គឺយើងបានឃើញច្បាស់នូវស្មារតីនៃសាមគ្គីជាតិ ក្នុងចំណោមប្រជាជនកម្ពុជា គឺការចែករំលែក ហើយដែលស្មារតីនៃការចែករំលែកនេះមានតាំងពីយូរអង្វែងមកហើយ ។ វប្បធម៌នៃការចែករំលែកក្នុងគ្រាអាសន្ននេះ ត្រូវបានរំលេចឲ្យឃើញជាក់ស្តែង និងគួរជាទីមោទនភាពណាស់សម្រាប់ប្រជាជាតិយើង ។ ជាក់ស្តែង គឺការចែករំលែកពីស្ថាប័នរដ្ឋទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលទៅប្រជាជន ការចែករំលែកអ្នកមានធនធានទៅសង្គម និងអ្នកគ្មានធនធាន និងការចែករំលែកវាងប្រជាជននៅក្នុងមូលដ្ឋាន ។

ការចែករំលែកនេះត្រូវបានធ្វើឡើងលើគោលការណ៍នៃការស្ម័គ្រចិត្ត ប្រកបដោយសន្តានចិត្តមនុស្សធម៌សុទ្ធសាធ ។ ម៉្យាងទៀត វប្បធម៌នេះមិនត្រឹមតែបន្ថយនូវសម្ពាធមកលើថវិកាជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួម ស្មារតីជាប្រជាជាតិតែមួយ និងចលករក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាស្ថាប័នពាក់ព័ន្ធ និងប្រជាជនយើងក៏បានចូលរួមទប់ស្កាត់ និងធ្វើឲ្យបរាជ័យរាល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ព័ត៌មានភូតកុហកអំពីជម្ងឺ COVID-19 ដែលពួកវាប៉ុនប៉ងឃោសនាធ្វើឲ្យមានការភ័យស្លន់ស្លោ តក់ស្លុត ក្នុងគោលដៅធ្វើវិទ្ធង្សនាខាងនយោបាយ និងសេដ្ឋកិច្ច ប៉ុនប៉ងឲ្យសង្គមជាតិច្របូកច្របល់ ។ នេះជាមូលហេតុសំខាន់ៗដែលនាំឲ្យយើងអាចយកជ័យជម្នះបានលើជម្ងឺ COVID-19 ។

ជាមួយនឹងបទពិសោធន៍ទាំងអស់នេះ បានលើកទឹកចិត្តប្រជាជនកម្ពុជាបន្តចូលរួមដណ្តើមបានជោគ ជ័យក្នុងសមរភូមិប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 ដោយមិនឲ្យមេរោគដ៏ចង្រៃនេះរាតត្បាតនៅលើទឹកដីកម្ពុជាបានឡើយ ៕