ថ្ងៃស្អែកនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19


(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងការបរទេស។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅ ថ្ងៃទី២២ ខែមេសានេះ បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងឱកាសកិច្ចប្រជុំអន្តរទីភ្នាក់ងារ កម្រិតអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ ដែលរៀបចំដោយលេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។

តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោក ម៉ៃឃើល ផុមផេអូ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។

កិច្ចពិភាក្សានេះ ក៏នឹងផ្តោតផងដែរ ទៅលើសកម្មភាព ដើម្បីដោះស្រាយគ្រោះអាសន្នវិស័យសុខាភិបាលសាធារណៈ ដែលជាសេចក្តីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេលវែង។ កិច្ចប្រជុំនេះនឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ រវាងអាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខនៃបញ្ហា ប្រឈមជាសកលនៃជំងឺឆ្លង COVID-19 ដែលពុំធ្លាប់មានពីមុនមក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖