អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាចែកជូនចាស់ជរាគ្មានទីពឹង នៅស្រុករលាប្អៀរ ចំនួន ១៩គ្រួសារ


កំពង់ឆ្នាំងៈ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ប៊ុន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិការ នៅភូមិគល់គប់ (ឃុំស្រែថ្មី) និង ភូមិព្រៃមូល (ឃុំព្រៃមូល) ស្រុករលាប្អៀរ ចំនួន ១៩គ្រួសារ ។

មានប្រសាសន៍ក្នុងឱកាសពេលនោះ ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺខូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺខូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

អំណោយក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ២៥ គីឡូក្រាម, ត្រីខ 1 យួរ (10កំប៉ុង), មី 1 កេស, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ សារុង ១ និង ក្រមា ១ ) និងថវិកា មួយចំនួន ៕