កិច្ចប្រជុំតាមរយៈ Video Conference ពិភាក្សាលើសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាមួយតំណាងមូលនិធិសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ


ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំតាម Video Conference ពិភាក្សាលើសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ ជាមួយតំណាង EDCF ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃលើសំណើសុំឥណទានបន្ថែមសម្រាប់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏ដូចជាពិនិត្យលើកំណត់ហេតុនៃកិច្ចប្រជុំ ដើម្បីកែសម្រួលខ្លឹមសារ ឬ/និង លុបចោលចំណុចមួយចំនួន ដែលមិនឆ្លុះបញ្ចាំងនូវស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមក សំដៅចម្រាញ់ឱ្យបាននូវខ្លឹមសារ ដែលទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងបម្រើឱ្យប្រយោជន៍ជាតិមាតុភូមិកម្ពុជា។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ភាគីកូរ៉េបានឯកភាពលើសំណើសុំបន្ថែមឥណទាននេះរួចហើយ ភាគីកម្ពុជាដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យឱ្យបានល្អិតល្អន់លើកំណត់ហេតុនេះ មុននឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់ ។

គួរកត់សម្គាល់ថា៖ ផ្លូវនេះមានប្រវែងសរុបចំនួន១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង ហើយកន្លងមកត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗផងដែរ។

ដោយសារផ្លូវនេះជាច្រករបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពលសម្រាប់ការនាំចេញ-នាំចូលរវាងកម្ពុជា និងប្រទេសក្នុងតំបន់ រាជរដ្ឋាភិបាលបានសម្រេចពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិនេះពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ ៕