ឯកឧត្តម សុខ ឥសាន៖ CPP មិនដែលប្រកាសបិទវប្បធម៌សន្ទនា ការចរចាធ្វើបានក្នុងកិច្ចប្រជុំសភា


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) បានបញ្ជាក់ជាថ្មី ថា គណបក្សប្រជាជណកម្ពុជា មិនដែលប្រកាសបិទទ្វារចរចា ឬក៏មិនបន្ដវប្បធម៌សន្ទនានោះទេ ប៉ុន្ដែការចរចា អាចធ្វើទៅបានលុះត្រាតែ តំណាងរាស្រ្ដគណបក្ស សង្រ្គោះជាតិប្រជុំសភា។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មី ថា គណបក្សប្រជាជនកម្ពុជា នៅតែបន្ដបើកទ្វារចរចាជាមួយគណបក្សសង្រ្គោះជាតិ ប៉ុន្ដែសូមឲ្យតំណាងរាស្រ្ដគណបក្សប្រឆាំង ចូលប្រជុំសភាជាមុនសិន ទើបអាចជួបជជែកគ្នាបាន។

ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ ថា ”យើងមិនដែលប្រកាសបិទទ្វារចរចាទេ ក៏ដូចជាវប្បធម៌សន្ទនាហ្នឹង មិនដែលប្រកាសថា បិទជាស្ថាពរ ហើយសម្ដេចតេជោ ប្រធានគណបក្ស ក៏ដូចជានាយករដ្ឋមន្រ្ដី លោកបានប្រកាសជាចំហរហើយ នៅក្នុងអង្គប្រជុំរដ្ឋសភាពីមុនមក គឺថាផ្លូវវាមាន នៅក្នុងការចរចាគ្នា តាមរយៈគណៈកម្មការអចិន្រ្ដៃរដ្ឋសភា តាមរយៈសភាពេញអង្គនៃរដ្ឋសភា ហើយប្រសិនណា គណបក្សដៃគូរមិនចូលរួមប្រជុំទេ អាហ្នឹង យើងមិនមានភាគីទេ ដៃគូរពិភាក្សាទេ តែបើគាត់ចូលនៅក្នុងគណៈកម្មការអចិន្រ្ដៃនៃរដ្ឋសភា ឬក៏ចូលពេញអង្គរដ្ឋសភា អាហ្នឹងគាត់មានឱកាស សម្រាប់ហ្នឹងពិភាក្សាគ្នា”។