អភិបាលខេត្តពោធិ៍សាត់ ចាប់ផ្តើមសាងសង់ផ្លូវថ្មើរជើង ប្របតាមមាត់ស្ទឹងក្នុងជំហ៊ាន២ នៃយន្តការដឹកនាំខេត្តបានជាង២ឆ្នាំ


(ពោធិ៍សាត់)៖ បន្ទាប់ពីមកដឹកនាំខេត្តពោធិ៍សាត់ បានជាង២ឆ្នាំនេះ លោក ម៉ៅ ធនិន បានសម្រេចសាងសង់​រង្វង់មូលផ្លូវបំបែក​ជា៥ ច្រមុះជ្រូកផ្សារចាស់ និងកសាងហេដ្ឋា​រចនាសម្ព័ន្ធផ្សេងៗ ជាច្រើនបានរួចរាល់ ជាពិសេសសួនច្បារប្របតាមមាត់ស្ទឹង ក្នុងជំហ៊ាន១ ហើយលោកនឹងសាង​សង់ផ្លូវថ្មើរជើងប្របតាម​មាត់ស្ទឹង ចាប់ពីសួនច្បារខាង​មុខផ្សារថ្មីពោធិ៍សាត់ រហូតដល់សួនច្បារខាងត្បូងអគ្គិសនីខេត្ត ក្នុងជំហ៊ាន២បន្ថែមទៀត។

ជាក់ស្តែងនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ម៉ៅ ធនិន បានដឹកនាំក្រុមការងារ ចុះពិនិត្យផលប៉ះពាល់ នៃការឈូសឆាយបើកផ្លូវថ្មើរជើង ប្របតាមមាត់ស្ទឹងប៉ែក​ខាងលិច បន្តពីសួនច្បារខាងមុខផ្សារថ្មីពោធិ៍សាត់ រហូតដល់សួនច្បារខាងត្បូងអគ្គិសនីខេត្ត ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដើរលំហែកម្សាន្តស្រូប​យកខ្យល់​អាកាស និងហាត់ប្រាណតាមមាត់ស្ទឹង​កាន់តែមានភាពងាយស្រួល ជាពិសេសលើកមុខ​មាត់ខេត្តបានមួយកម្រិតទៀត។ ជាងនេះទៅទៀត បើផ្លូវថ្មើរជើងនេះ​ស្ថាបនាហើយ លោកនឹងរៀបចំដាក់ភ្លើងអំពូលសូឡាបំភ្លឺផងដែរ។

លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដីចំណីស្ទឹងបន្តិចបន្តួច សូមមេត្តាយោគ​យល់អធ្យាស្រ័យ ដើម្បីផលប្រយោជន៍រួម និងចូលរួម​សហការ​លើកស្ទួយកែលំអរទីក្រុងស្អាតទាំងអស់គ្នា ឈានទៅប្រកួតប្រជែងជាមួយខេត្តក្រុងដទៃទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់មាន​ភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់​ផ្លូវកៅស៊ូ១០ខ្សែ ដើម្បីផ្លាស់ប្តូរពីផ្លូវគ្រួសក្រហម ទៅផ្លូវកៅស៊ូពីរជាន់ ប្រវែង ១២៥,៥គីឡូម៉ែត្រ ដោយឲ្យមន្ទីរអភិវឌ្ឍន៍ជនបទសិក្សាពីតម្រូវការជាក់ស្តែង ចាប់ពីឆ្នាំ២០១៧នេះតទៅ។

បងប្អូនប្រជាពលរដ្ឋ បានគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដឹកនាំ គ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និងម៉ឺងម៉ាត់របស់លោក ម៉ៅ ធនិន ហើយក៏សង្ឃឹមថា ខេត្តពោធិ៍សាត់នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនចាញ់ខេត្តដទៃ។ គួរបញ្ជាក់ផងដែរថា ផ្លូវថ្មើរជាងតាមមាត់ស្ទឹងនេះ ជាសមិទ្ធផលថ្មីមួយទៀត បន្ថែមពីលើសមិទ្ធផលទាំងឡាយផ្សេងទៀត ដែលបានកសាងរួចក្នុងទឹកដីខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានបន្តចុះពិនិត្យ និងសម្របសម្រួលដោះស្រាយផលប៉ះពាល់ ផ្លូវក្នុងក្រុងចំនួន ៨ខ្សែ ប្រវែងជិត៥គីឡូម៉ែត្រ ដែលបាននឹងកំពុង​ស្ថាបនាក្រាលកៅស៊ូអ៊ុតបេទីមីន័រ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ អនុវត្តន៍ការស្ថាបនាដោយ ក្រុមហ៊ុន Mekong Royal Construction សហការជាមួយ​ក្រសួង​សាធារណ: និងដឹកជញ្ជូន ដែលបានចាប់ផ្តើមស្ថាបនា ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ៕