ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ គ្រួសារវិស័យមីនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 នៅតាមសហគមន៍


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា គ្រួសារវិស័យមីននៅកម្ពុជាទាំងអស់ជាង ២០០០នាក់ មិនត្រឹមតែបានផ្តល់ផ្ទៃដីសុវត្ថិភាព និងចូលរួមសង្រ្គោះជីវិត ប្រជាជនពីការគំរាមកំហែងដោយសារមីន និងគ្រាប់ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ នៅតាមសហគមន៍ តាមរយៈកម្មវិធីអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម(MRE) ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង ស្តីពីការចូលរួមការងារប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា រវាងអាជ្ញាធរមីន ជាមួយមូលនិធិ Sir Bobby Charlton Foundation និង អង្គការ HALO Trust ។

ក្នុងនាមគ្រួសារវិស័យសកម្មភាពមីនទាំងអស់នៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំនូវសុខសន្តិភាពគ្រប់បែបយ៉ាង និងថែទាំសុខមាលភាពរបស់ប្រជាជន ដែលបច្ចុប្បន្ននេះជាមួយនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចតេជោ បានយកចិត្តទុកដាក់ខ្លាំងលើការថែទាំសុខភាព សុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ដែលចូលរួមយ៉ាងសកម្មដោយមិនខ្លាចការនឿយហត់ ក្នុងការព្យាបាល ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះមូលនិធិ Sir Bobby Charlton Foundation ចំពោះកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា លើផ្នែកកិច្ចសង្គ្រោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន ក៏ដូចជាការចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា ដែលទឹកចិត្តដ៏សប្បុរសធម៌ទាំងនេះ ពិតជាមានតម្លៃណាស់ និងប្រកបដោយចិត្តមេត្តាធម៌។ ក្នុងពិធីដ៏មានសារៈសំខាន់នេះ មូលនិធិ Sir Bobby Charlton Foundation បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនដល់អាជ្ញាធរមីន សម្រាប់ចូលរួមជួយដល់ប្រជាពលរដ្ឋតាមសហគមន៍រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា មូលនិធិ Sir Bobby Charlton Foundation ត្រូវបានបង្កើតឡើងដោយ Sir Bobby Charlton អតីតវីរបុរសបាល់ទាត់ជំរើសជាតិនៃចក្រភពអង់គ្លេសនៅក្លឹបបាល់ទាត់ Manchester United បន្ទាប់ពី Sir Bobby Charlton មកទស្សនកិច្ចនៅកម្ពុជា និងបានឃើញអំពីការលំបាករបស់អតីតយុទ្ធជន និងជនពិការ ដែលរងគ្រោះដោយសារសង្រ្គាមនៅកម្ពុជា។ មូលនិធិនេះ មានគោលដៅបម្រើការងារមនុស្សធម៌នៅតាមប្រទេសក្រីក្រជាច្រើន លើផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទា សេវាអប់រំ និងសេវាគាំទ្រសង្គមនានា។ បច្ចុប្បន្ននេះ មូលនិធិនេះ បាននឹងកំពុងគាំទ្រ និងឧបត្ថម្ភដល់អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ(DDSP) នៅខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់អគារ និងការផ្តល់នូវសេវាបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចក្រភពអង់គ្លេស អាជ្ញាធរមីន បានចុះហត្ថលេខាជាមួយមូលនិធិ Sir Bobby Charlton Foundation លើកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកកិច្ចសង្គ្រោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ តាមរយៈមូលនិធិនេះ អាជ្ញាធរមីន គ្រោងនឹងសហការយ៉ាងជិតស្និទជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងសាងសង់បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការ ដែលមជ្ឈមណ្ឌលនេះ នឹងក្លាយជាមជ្ឈមណ្ឌលគំរូមួយ ដើម្បីធ្វើការផ្សព្វផ្សាយបន្តនៅថ្នាក់កម្រិតតំបន់ និងអន្តរជាតិផងដែរ៕