លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅឃុំពោធិ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង


នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ នាយ-រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅឃុំពោធិ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយណែនាំវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (COVID-19)។

លោកជំទាវ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាត្រូវបង្កើន និងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវនិងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយខិតខំអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល រួមមានជាអាទិ៍ ការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃឲ្យបានញឹកញ៉ាប់ រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ជៀសវាងការជួបជុំគ្នាច្រើនកុះករ និងចូលរួមកន្លែងដែលមានការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។

ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយសម្ភារៈមួយចំនួនផ្តល់ជូនក្រុមការងារឃុំសម្រាប់ប្រើប្រាស់បំពេញការងារដែលក្នុងនោះរួមមាន ៖ មី ៤កេស, ក្រម៉ា ២០, សាប៊ូដុំលាងដៃ ៧២ដុំ, ម៉ាស ១០០ម៉ាស, អាល់កុល (ចំណុះ ១០០ml ២០ដប និងចំណុះ ១០លីត្រ ១ប៊ីដុង និងថវិកាចំនួន ៣០០,០០០៛ ( បីរយពាន់រៀល ) ផងដែរ។