ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា រួមជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងលោកជំទាវ និងសហការី បានចុះពិនិត្យមើលផ្លូវក្រាលគ្រួសក្រហមចំនួន២ខ្សែ ស្ថិតនៅឃុំក្រពើពីរ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការអញ្ជើញចុះពិនិត្យមើលទីតាំងខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមតំណាងរាស្ត្រ ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ណែនាំប្រជាពលរដ្ឋនៅទីតាំងខាងលើ ឱ្យរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងនូវវីរុសកូវីដ១៩នេះ នៅក្នុងសហគមន៍ និងសូមឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ការលាងដៃសម្អាតដៃដោយសាប៊ូឬទឹកអាល់កុល ឲ្យបានញឹកញាប់ជាប្រចាំ ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាលនៃវីរុសកូវីដ១៩នេះមកលើសង្គមគ្រួសារនិងសហគមន៍យើង។
ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានឧបត្ថម្តនូវក្រម៉ាខ្មែរម្នាក់១ និងថវិការ២លានរៀនផងដែរដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះ៕