ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រការងារអប់រំយល់ដឹងអំពីមីន និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា


អាជ្ញាធរមីន៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង អាជ្ញាធរមីន មូលនិធិ Sir Bobby Charlton Foundation និង អង្គការ HALO Trust គាំទ្រការងារអប់រំយល់ដឹងអំពីមីន និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅរវាងឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton Foundation ប្រចាំនៅកម្ពុជា និង លោក Lasha Lomidze នាយកអង្គការ HALO Trust ប្រចាំនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ ដើម្បីគាំទ្រដល់អង្គការ HALO Trust ផ្សព្វផ្សាយការងារអប់រំយល់ដឹងអំពីមីន និងប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ នៅ កម្ពុជា។

នៅក្នុងឱកាសនោះដែរ មូលនិធិ Sir Bobby Charlton Foundation បានប្រគល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារះ មួយចំនួនជូនដល់អាជ្ញាធរមីន សម្រាប់ចូលរួមជួយសម្រាលបន្ទុកប្រជាពលរដ្ឋតាមសហគមន៍រងផលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩។

ក្នុងនាមគ្រួសារវិស័យសកម្មភាពមីនទាំងអស់នៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំនូវសុខសន្តិភាពគ្រប់បែបយ៉ាង និងថែទាំសុខមាលភាពរបស់ប្រជាជន ដែលបច្ចុប្បន្ននេះជាមួយនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចតេជោ បានយកចិត្តទុកដាក់ខ្លាំងលើការថែទាំសុខភាព សុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្តមបានថ្លែងនូវអំណរគុណដល់មូលនិធិ Sir Bobby Charlton Foundation ដែលបានធ្វើការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការនាពេលនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ដែលចូលរួមយ៉ាងសកម្មដោយមិនខ្លាចការនឿយហត់ ក្នុងការព្យាបាល ការបង្ការ និងទប់ស្កាត់ការរាតត្បាតជម្ងឺឆ្លងកូវីដ-១៩ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។