ម៉ាស់ចំនួន៤ពាន់ត្រូវបានឯកអគ្គរដ្ឋទូតវៀតណាមយកមកឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវវី១៩


កំពង់ឆ្នាំងៈ ពិធីប្រគល់ ទទួល ម៉ាស់នេះត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្ដម ឡាយ ស៊ុនជាង ឯកអគ្គរដ្ឋទូតរងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជានាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម ឡាយ ស៊ុនជាង បានមានប្រសាសន៍ថាៈ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងសកម្មភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹង ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ឯកឧត្តម បាននាំយកម៉ាស់ចំនួន៤ពាន់ម៉ាស់ឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលកំពុងត្រូវការចាំបាច់នូវម៉ាស់សម្រាប់ពាក់ការពារកុំអោយឆ្លងជំងឺកូវវីដ១៩ដ៏កាចសាហាវនេះ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ម៉ាស់ សម្រាប់ពាក់ការពារថែទាំសុខភាព ក្នុងពេលដែលជំងឺឆ្លងជាសកលនេះបានរីករាលដាលពាសពេញពិភពលោក ដែលបង្ករអោយមនុស្សឈឺនិងស្លាប់ជាច្រើននាក់ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ថាៈ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពជាប្រចាំនៅគ្រប់មូលដ្ឋានទូទាំងខេត្តដូចជាការផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ក្រៅពីសកម្មភាពចំបងៗរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចុះផ្តល់អំណោយដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់បន្តទៀតថាៈ កន្លងមកនេះ ខេត្តកំពង់ឆ្នាំងក៏បានរកឃើញវិជ្ជាមានជំងឺកូវីដចំនួន៣នាក់ ដែលអ្នកជំងឺទាំង៣នាក់នេះគឺបានព្យាលបាលជាសះស្បើយចំនួន២នាក់នៅសល់តែម្នាក់ទៀតតែប៉ុណ្ណោះ ដែលកំពុងព្យាបាលបន្ត ។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏បានត្រៀមបង្ការ បន្ទប់សម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ និងកំពុងបន្តធ្វើយុទ្ធនាការជាប់ជាប្រចាំនៅគ្រប់មូលដ្ឋានក្នុងការទប់ស្កាត់ ការពារជំងឺកូវីដ
១៩នេះផងដែរ ។