លោកជំទាវ ម៉ែន សំអន បួងសួងសុំសេចក្តីសុខចម្រើនដល់ប្រទេសកម្ពុជា


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងមន្រ្តីរាជកាជុំវិញខេត្តសៀមរាប បានអញ្ជើញបួងសួង នៅក្នុងបរិវេណប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃបុណ្យមាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងនៅឆ្នាំ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
នាឱកាសនោះផងដែរលោកជំទាវក៏បានបួងសួងដល់បារមី និងវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក តាមបីបាច់ថែរក្សាដល់ថ្នាក់ដឹកនាំព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ជាពិសេស សូមឲ្យប្រទេសជាតិជួបតែភាពសុខសប្បាយ សម្បូរណ៍រុងរឿង មានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ មានអ្នកវិនិយោគ និងមានអ្នកទេសចរណ៍មកទស្សនាប្រទេសកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ។