ឯកឧត្តម ម៉ូត យូសុះ អញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនជូនសាសនិកឥស្លាមចំនួន២០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ


នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ​ និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនជូនសាសនិកឥស្លាមចំនួន២០០គ្រួសារ ស្ថិតនៅក្នុងភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងពិធីនេះមានការចូលរួមសំណាក់ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋមួយចំនួន។

ឯកឧត្តម ម៉ូត យូសុះ បានមានប្រសាសន៏ថា បើទោះបីជាអត្រាឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា​ មិនមានការកើនឡើង ហើយអ្នកដែលបានឆ្លងជំងឺនេះបានជាសះស្បើយសឹងតែទាំងអស់ហើយក៏ដោយ​ ក៏បងប្អូនមិនត្រូវមើលស្រាល ឬធ្វេសប្រហែសឡើយ ពោលគឺត្រូវបន្តរក្សានូវការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងស្ថាប័នគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះក្នុងមួយគ្រួសារទទួលបាន អង្គរ១០គីឡូក្រាម ទឹកក្រូច៣លីត្រ ទឹកដោះគោ២កំប៉ុង មី៥កញ្ចប់ ប្រេងឆា១ដប ស្ករស១គីឡូក្រាម៕